រដ្ឋ Victoria របស់អូស្រ្តាលី បើកមជ្ឈមណ្ឌលធំៗ៣កន្លែងទៀត សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាជន (Video inside)
21-04-2021 15:32
(ស៉ីដនី)៖ អាជ្ញាធររដ្ឋ Victoria របស់អូស្រ្តាលី នៅថ្ងៃពុធនេះ បានបើកមជ្ឈមណ្ឌលទ្រង់ទ្រាយធំចំនួន០៣ទៀត សម្រាប់ផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជននៅក្នុងរដ្ឋខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
ក្នុងចំណោមនោះ មជ្ឈមណ្ឌល០២កន្លែង ស្ថិតនៅទីក្រុង Melbourne ខណៈមួយកន្លែងទៀតស្ថិតនៅទីក្រុង Geelong ដែលនៅក្បែរគ្នា។ មន្រ្តីទទួលបន្ទុកផ្នែកសុខាភិបាលរបស់រដ្ឋ Victoria លោក Martin Foley បាននិយាយថា អាជ្ញាធររដ្ឋ Victoria កំពុងព្យាយាមប្រឹងប្រែង ផ្តល់វ៉ាក់សាំងឲ្យបានឆាប់ និងប្រកបដោយសុវត្ថិភាព ដល់ប្រជាជនគ្រប់រូបនៅក្នុងរដ្ឋនេះ តាមលទ្ធភាពធ្វើទៅបាន។
ទន្ទឹមគ្នានេះ អាជ្ញាធរដ្ឋ Victoria បានប្រកាសថា ខ្លួននឹងចំណាយថវិកា៥០លានដុល្លារអូស្រ្តាលី ដែលស្មើនឹងជិត៣៩លានដុល្លារអាមេរិក ដើម្បីជួយក្នុងកាអភិវឌ្ឍបច្ចេកវិទ្យាវ៉ាក់សាំង mRNA។ គម្រោងផ្តួចផ្តើមនេះ នឹងអាចមានន័យថា វ៉ាក់សាំង mRNA ដូចជារបស់ Pfizer-BioNTech និង Moderna ជាដើម អាចផលិតនៅក្នុងប្រទេសអូស្រ្តាលី ជាលើកដំបូងបំផុត។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ អូស្រ្តាលីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន១.៦លានដូស នៅទូទាំងប្រទេស៕