Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅឥណ្ឌូណេស៉ី ក្នុងខែមេសានេះ

17-04-2021 21:37

(ណៃពិដោ)៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នឹងធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវរៀបចំឡើងនៅឯប្រទេសឥណ្ឌូណេស៉ី នាថ្ងៃទី២៤ ខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសថៃម្នាក់ បានឲ្យដឹងថា មេដឹកនាំមួយចំនួននៃប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន បានបញ្ជាក់រៀងៗខ្លួនរួចរាល់ហើយ អំពីការបង្ហាញវត្តមាន នៅក្នុងកិច្ចប្រជុំកំពូលខាងលើ ដែលនឹងធ្វើឡើងនៅឯរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៉ី ក្នុងនោះរួមទាំងលោក មីន អោង ហ្លេង ផងដែរ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរយ៉ាងហិង្សា ចាប់តាំងតែពីយោធារបស់លោក មីន អោង ហ្លេង បានផ្តួលរំលំរដ្ឋាភិបាល ស៉ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែមករា កន្លងមក។ ចាប់តាំងតែពីពេលនោះ ការធ្វើបាតុកម្មប្រឆាំងរបបយោធា បានផ្ទុះឡើងសឹងជារៀងរាល់ថ្ងៃ ហើយមនុស្សរាប់រយនាក់ បានបាត់បង់ជីវិត ក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ ខណៈរាប់ពាន់នាក់ត្រូវចាប់ខ្លួន៕