កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់ខ្លួនមេដឹកនាំបាតុកម្មម្នាក់ ខណៈមនុស្សមួយចំនួនទៀតស្លាប់ និងរបួសនៅថ្ងៃព្រហស្បតិ៍នេះ (Video inside)
15-04-2021 18:25
(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានាថ្ងៃព្រហស្បតិ៍នេះ បានចាប់ខ្លួនមេដឹកនាំមួយរូប នៃចលនាបាតុកម្មប្រឆាំងយោធា ហើយក៏មានមនុស្សមួយចំនួនទៀតស្លាប់ និងរបួសផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
លោក វ៉ៃ ម៉ូ ណេង (Wai Moe Naing) អាយុ ២៥ឆ្នាំ បានក្លាយជាបុគ្គលលេចធ្លោមួយរូប ក្នុងការដឹកនាំចលនាបាតុកម្ម ប្រឆាំងនឹងរបបយោធានៅមីយ៉ាន់ម៉ា។ យោងតាមសាក្សីដែលបានឃើញហេតុការណ៍នេះ លោក Wai Moe Naing ត្រូវបានចាប់ខ្លួនពេលកំពុងដឹកនាំ ការជិះម៉ូតូដង្ហែរធ្វើបាតុកម្មមួយនៅក្រុង ម៉ូនីវ៉ា (Monywa)។
ក្នុងថ្ងៃព្រហស្បតិ៍នេះ ទាហានមីយ៉ាន់ម៉ា ក៏បានធ្វើសកម្មភាពបាញ់បង្រ្កាបនៅទីក្រុង ម៉ានដាឡាយ (Mandalay) ដើម្បីបំបែកក្រុមបាតុករ ដែលភាគច្រើនជាបុគ្គលិកសុខាភិបាលផងដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បុរសម្នាក់បានបាត់បង់ជីវិត ខណៈមួយចំនួនទៀតបានរងរបួស និងត្រូវឃាត់ខ្លួន។
គួរបញ្ជាក់ថា សប្តាហ៍នេះ គឺត្រូវជាបុណ្យចូលឆ្នាំថ្មីនៅមីយ៉ាន់ម៉ា ហៅថា Thingyan ដែលមានរយៈពេលឈប់សម្រាក០៥ថ្ងៃ និងបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ប៉ុន្តែក្រុមសកម្មជនប្រជាធិបតេយ្យ បានអំពាវនាវឲ្យប្រជាជន ផ្អាកសកម្មភាពអបអរផ្សេងៗចោល ដើម្បីបន្តផ្តោតលើចលនាបាតុកម្មប្រឆាំងយោធារបស់ពួកគេ ហើយមនុស្សរាប់រយនាក់បានចូលរួមការធ្វើបាតុកម្ម តាមរយៈការដើរដង្ហែក្បួន ជិះម៉ូតូដង្ហែ ព្រមទាំងទម្រង់សកម្មភាពផ្សេងៗទៀត៕