Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យានអាមេរិក Perseverance ថតរូបស៊ែលហ្វីជាមួយ កូនឧទ្ធម្ភាគចក្រ Ingenuity នៅលើភពអង្គារ

09-04-2021 10:34

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបង្ហាញរូបថតលក្ខណៈស៊ែលហ្វី (Selfie) ដែលយានចល័ត Perseverance របស់ខ្លួន បានថតជាមួយដៃគូវាគឺ កូនឧទ្ធម្ភាគចក្រ Ingenuity នៅលើផ្ទៃភពអង្គារ (Mars)។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Thrillist នៅ ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

កន្លងទៅក្នុងសប្តាហ៍នេះ កូនឧទ្ធម្ភាគចក្រ Ingenuity ទើបតែបានផ្តាច់ខ្លួនចេញពី Perseverance ដោយជោគជ័យ ទៅលើផ្ទៃភពអង្គារ ហើយវាកំពុងតែត្រៀមលក្ខណៈ ដើម្បីធ្វើការហោះហើរជាលើកដំបូងនៅទីនោះ។ ប៉ុន្តែកំឡុងពេលរង់ចាំនេះ យាន Perseverance ក៏បានឆ្លៀតឱកាសផ្តិតយក រូបភាពស៊ែលហ្វីជាមួយ Ingenuity ដោយប្រើប្រព័ន្ធកាមេរ៉ា WATSON ដែលបំពាក់នៅខាងចុងដៃយន្តរបស់វា។

គួរបញ្ជាក់ថា យានកង់០៦ Perseverance និង កូនឧទ្ធម្ភាគចក្រ Ingenuity ដែលជាបេសកកម្មតែមួយ បានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីខែកុម្ភៈកន្លងទៅនេះ។ ការហោះហើររបស់ Ingenuity អាចធ្វើឡើង បើឆាប់បំផុតគឺនៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលាអាមេរិក) តែម្តង។

នៅពេលត្រៀមខ្លួនរួចរាល់ កូនឧទ្ធម្ភាគចក្រ Ingenuity នឹងហោះឡើង ជាមួយល្បឿនជិត០១ម៉ែត្រក្នុងមួយវិនាទី។ បន្ទាប់មក វានឹងសំកាំងខ្លួន នៅកម្ពស់ប្រមាណជា០៣ម៉ែត្រ សម្រាប់រយៈពេលប្រហែល៣០វីនាទី មុនពេលចុះមកលើផ្ទៃភពអង្គារវិញ។ យាន Perseverance នឹងកត់ត្រាទិន្នន័យនៃការហោះហើរ រួមជាមួយវីដេអូនិងរូបភាព សម្រាប់បញ្ជូនមកកាន់ផែនដី៕