Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្ស៧នាក់ស្លាប់ ក្នុងការបង្ក្រាបនៅថ្ងៃពុធនេះ, រោងចក្រចិនមួយទៀត រងការដុតបំផ្លាញ»

07-04-2021 17:55

(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ បន្តការបង្រ្កាបដោយបាញ់ប្រហារទៅលើក្រុមបាតុករ ជាហេតុធ្វើឲ្យមនុស្សយ៉ាងតិច ០៧នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស ហើយទន្ទឹមគ្នានេះ រោងចក្រចិនមួយកន្លែងនៅទីក្រុងរ៉ង់ហ្គូន ក៏បានរងការដុតបំផ្លាញផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា នៅថ្ងៃពុធនេះកងកម្លាំងសន្តិសុខ បានបាញ់ប្រហារលើក្រុមបាតុករនៅក្រុង កាល (Kale) ភាគពាយ័ព្យ ដោយបានបណ្តាលឲ្យមនុស្ស ០៥នាក់ បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស។ ចំណែកឯនៅក្រុង បាហ្គោ (Bago) ក្បែរទីក្រុងរ៉ង់ហ្គួន បាតុករចំនួន ០២នាក់ទៀត ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។

ក្នុងថ្ងៃដដែលនេះ រោងចក្រកាត់ដេរចិនមួយកន្លែងនៅទីក្រុងរ៉ង់ហ្គូន បានរងការដុតបំផ្លាញ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ ពីមនុស្សរងគ្រោះថ្នាក់ និងទំហំនៃការខូចខាតនៅឡើយទេ។ កាលពីខែមុន ក៏មានការដុតបំផ្លាញរោងចក្រចិនចំនួន ៣២កន្លែងនៅរ៉ង់ហ្គូនដែរ។

គួរបញ្ជាក់ថា ចាប់តាំងតែពីភាពវឹកវរបានផ្ទុះឡើងកាលពីដើមខែកុម្ភៈមក បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មនុស្សសរុបជិត ៦០០នាក់ហើយ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងប៉ូលិស និងទាហានមីយ៉ាន់ម៉ា ដែលកើតមានស្ទើរតែរៀងរាល់ថ្ងៃ។ ក្រៅពីនេះមនុស្សជិត ៣,៥០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ២,៧៥០នាក់នៅមិនទាន់ត្រូវបាន ដោះលែងវិញនៅឡើយទេ៕