Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេណេស៊ុយអេឡានឹងសុំឲ្យ UN ជួយបោសសំអាតគ្រាប់មីន នៅក្បែរព្រំដែនកូឡុំប៊ី

05-04-2021 17:02

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយនៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ថា ប្រទេសវេណេស៊ុយអេឡានឹងស្នើសុំឱ្យអង្គការសហប្រជាជាតិ (UN) ជួយដោះគ្រាប់មីននៅក្នុងទឹកដីរបស់ខ្លួន ដែលបានដាក់ពង្រាយដោយក្រុមប្រដាប់អាវុធមួយចំនួន នៅជិតព្រំដែនជាមួយកូឡុំប៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

លោក Maduro បាននិយាយថា រដ្ឋាភិបាលវេណេស៊ុយអេឡា នឹងស្នើសុំអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នូវជំនួយជាលក្ខណៈបន្ទាន់ ដើម្បីឱ្យពួកគេអាចនាំយកបច្ចេកទេសទាំងអស់ ទៅបោសសំអាតវាលកប់គ្រាប់មីន ដែលក្រុមប្រដាប់អាវុធទាំងនោះ បានបន្សល់ទុក។ ប៉ុន្តែ UN មិនទាន់ផ្តល់ការអត្ថាធិប្បាយយ៉ាងណា ជុំវិញការត្រៀមស្នើសុំនេះឡើយទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានរាយការណ៍ពី ទាហាន០២នាក់បានបាត់បង់ជីវិត ដោយសារគ្រាប់មីន ក្នុងអំឡុងការធ្វើប្រតិបត្តិការយោធានៅរដ្ឋ អាភើ (Apure) ជាទីដែលមានការប៉ះទង្គិចគ្នារវាងក្រុមទាហាន និងក្រុមប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ រត់ភៀសខ្លួនឆ្លងព្រំដែន៕