បង់ក្លាដែស៖ ហេតុការណ៍សាឡាង និងកប៉ាល់ដឹកទំនិញបុកគ្នាក្នុងទន្លេមួយ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន (Video inside)
05-04-2021 11:03
(ដាកា)៖ សាឡាងមួយគ្រឿងនៅបង់ក្លាដែស ដឹកអ្នកដំណើរប្រមាណ ៥០នាក់ បានបុកជាមួយកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត ហើយបានលិចកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅទន្លេ ស៊ីថាឡាកស្យា (Shitalakhsyaa) ភាគខាងត្បូងរដ្ឋធានីដាកា ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ០៥នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។
មន្រ្តីប៉ូលិសបង់ក្លាដែសបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើបានកើតឡើង នៅពេលដែលសាឡាងមួយគ្រឿងនោះ បានចាកចេញពីស្រុក ណារ៉ាងហ្គាន (Narayanganj) ស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុងដាកា ដើម្បីឆ្ពោះទៅស្រុក ម៉ានស៊ីហ្គាន (Munshiganj)។ ក្រោយកើតហេតុមនុស្ស ០៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបាត់ខ្លួន ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះនៅកំពុងបន្តប្រព្រឹត្តទៅ។ ប៉ុន្តែក៏មានអ្នកដំណើរមួយចំនួន បានហែលមកដល់គោកដោយខ្លួនឯងផងដែរ។
គួរបញ្ជាក់ថា សាឡាងដែលជួបឧបទ្ទវហេតុ គឺផ្ទុកទៅដោយប្រជាជនដែលប្រញាប់ប្រញាល់ ធ្វើដំណើរចេញទៅកាន់ស្រុកកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលបង់ក្លាដែស បានប្រកាសពីវិធានការបិទខ្ទប់ប្រទេសរយៈពេល ០១សប្តាហ៍ ដែលត្រូវចាប់អនុវត្តពីថ្ងៃចន្ទនេះទៅ ដើម្បីទប់ស្កាត់កំណើននៃករណីឆ្លងជំងឺ COVID-19 ដែលបានលោតឡើងដល់ជាង ៧ពាន់នាក់ ក្នុងមួយថ្ងៃកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕