Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក «ថ្កោលទោសអំពើហិង្សា ប្រឆាំងជនជាតិដើមអាស៊ី» ក្រោយការបាញ់ប្រហារសម្លាប់មនុស្ស៨នាក់ (Video inside)

20-03-2021 09:00

(អាត្លង់តា)៖ លោកប្រធានាធិបតី ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) បានបង្ហាញការគាំទ្រ ចំពោះពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ហើយអ្នកទាំងពីរក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សារើសអើងពូជសាសន៍ ប្រឆាំងនឹងជនជាតិដើមអាស៊ី នៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង អាត្លង់តា នៃរដ្ឋចរចៀ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) លោក បៃដិន ក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ ក្រោកឈរឡើងធ្វើសកម្មភាពប្រឆាំងនឹងអំពើហិង្សា និងការរើសអើងពូជសាសន៍ លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដើម្បីធានាឱ្យបានថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌សម្រាប់អំពើហិង្សា និងការរើសអើងពូជសាសន៍ជាដាច់ខាត។

នៅក្នុងដំណើរទស្សនកិច្ចខាងលើនេះដែរ លោកស្រី Kamala Harris ដែលមានដើមកំណើតអាស៊ីដែរនោះបានទទួលស្គាល់ថា ការរើសអើងពូជសាសន៍ នៅតែបន្តកើតមានក្នុងសហរដ្ឋអាមេរិក។ លោកស្រី Harris បានគូសបញ្ជាក់ដូច្នេះថា «ការរើសអើងពូជសាសន៍ នៅតែបន្តកើតមានក្នុងសហរដ្ឋអាមេរិក... ក៏ប៉ុន្តែលោកប្រធានាធិបតីហើយនិងខ្ញុំ នឹងមិននៅស្ងៀមឡើយ ដោយយើងនឹងប្រឆាំងនឹងការអំពើហិង្សា ការរើសអើងពូជសាសន៍ មិនថាវាកើតឡើងដោយរបៀបណា ឬនៅទីណានោះទេ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានធ្វើដំណើរទៅកាន់ទីក្រុងអាត្លង់តា នៃរដ្ឋចរចៀ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងស្បែកសម្នាក់ បានបាញ់សម្លាប់មនុស្ស ០៨នាក់់ ក្នុងនោះមានស្រ្តី ០៦នាក់ជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។ ប៉ូលិសបានឃាត់ខ្លួន ខ្មាន់កាំភ្លើងឈ្មោះ រ៉ូប៊ឺត អារ៉ុន ឡុង (Robert Aaron Long) មានអាយុ ២១ឆ្នាំ និងកំពុងស៊ើបអង្កេតពីមូលហេតុ នៅពីក្រោយការបាញ់ប្រហារយ៉ាងរង្គាលនេះ៕