Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: យោធាមីយ៉ាន់ម៉ាដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក នៅតំបន់ចំំនួន៤ទៀត ក្នុងទីក្រុងរ៉ង់ហ្គូន ​​​​(Video inside)

15-03-2021 15:33

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ បានសម្រេចដាក់ច្បាប់អាជ្ញាសឹក នៅភូមិសាស្រ្តចំនួន ០៤កន្លែងទៀតនៃទីក្រុងរ៉ង់ហ្គួនរួមមាន ដាហ្គនខាងជើង (North Dagon), ដាហ្គនខាងត្បូង (South Dagon), ដាហ្គន សេកកាន (Dagon Seikkan), និង អូកកាឡាផាខាងជើង (North Okkalapa)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

យោធាមីយ៉ាន់ម៉ា ក៏បានប្រគល់អំណាចរដ្ឋបាល និងអំណាចអនុវត្តច្បាប់ផ្សេងៗ ឲ្យទៅកាន់មេបញ្ជាការប្រចាំតំបន់រ៉ង់ហ្គូនផងដែរ ដើម្បីចេញវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារនីតិរដ្ឋ និងទប់ស្កាត់ភាពចលាចល។ កាលពីថ្ងៃអាទិត្យម្សិលមិញ ច្បាប់អាជ្ញាសឹក ត្រូវបានដាក់ទៅលើភូមិសាស្រ្ត ហ្លេងថាយ៉ា (Hlaingthaya) និង ស្វេ ព្យី ថា (Shwe Pyi Thar) នៃតំបន់រ៉ង់ហ្គូន ក្រោយរោងចក្រមួយចំនួននៅទីនោះ បានរងការដុតបំផ្លាញ។

គួរបញ្ជាក់ថា ក្រោយយោធាឡើងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ ការប្រកាសភាពអាសន្នរយៈពេល ០១ឆ្នាំត្រូវបានធ្វើឡើង ហើយអំណាចទាំងអស់ត្រូវបានផ្ទេរទៅឲ្យ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាគឺ លោក មីន អោង ហ្លេង (Min Aung Hlaing)។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាតុករយ៉ាងហោច ៣៩នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបយ៉ាងក្តៅគគុក ដែលត្រូវបានចាត់ទុកថា ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុត គិតចាប់តាំងពីបាតុកម្មផ្ទុះឡើង ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី។ ចំនួនអ្នកស្លាប់នៅក្នុងបាតុកម្ម ប្រឆាំងរបបសឹកបានកើនឡើងដល់ ១២៦នាក់ហើយ ខណៈក្រុមសកម្មជន ការពារសិទ្ធិមនុស្សជឿជាក់ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង នៅក្នុងបរិបទដែលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតវ៉ា បើទោះជាមានការបង្ក្រាប ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏ដោយ៕