Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី Carrie Lam៖ «ពេលវេលានឹងបញ្ជាក់ថា ហុងកុងមានសេរីភាពកម្រិតដដែល»

13-03-2021 17:17

(ប៉េកាំង)៖ បន្ទាប់ពីមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធបោះឆ្នោត នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានផ្តល់បទសម្ភាសន៍ពិសេសជាមួយពិធីករ CGTN ដោយបានឆ្លើយតបយ៉ាងត្រង់ៗ ចំពោះការចោទសួរជាច្រើន។

អំពីសំណួរដែលថា ហេតុអ្វីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង មិនសម្រួលយន្តការបោះឆ្នោតដោយផ្ទាល់ខ្លួន បែរជាពឹងផ្អែកលើរដ្ឋាភិបាលមជ្ឈិមវិញ? លោកស្រីបានឆ្លើយថា «ប្រការដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធនយោបាយ ហុងកុងដោះស្រាយដោយខ្លួនឯងមិនកើតទេ»

អំពីការចោទថាបំណងនៃការកំណត់ថ្មី គឺចង់គាបសង្កត់ការចូលរួមការបោះឆ្នោតរបស់សមាជិកសភា ដែលត្រូវបានជ្រើសរើសផ្ទាល់ឬ? លោកស្រីបានបញ្ជាក់ថា អ្នកស្នេហាជាតិសុទ្ធតែអាចចុះឈ្មោះ ចូលរួមការបោះឆ្នោត ការស្នេហាជាតិមិនមែនជាតម្រូវការលំបាកនោះទេ។

អំពីសំណួរដែលថាអ្នកហុងកុង ប្រហែលនឹងមិនហ៊ានបញ្ចេញមតិយោបល់ លោកស្រីបានឆ្លើយតបទាំងសើចថា កាសែតហុងកុងរិះគន់លោកស្រីជារៀងរាល់ថ្ងៃ នេះបានបញ្ជាក់គ្រប់គ្រាន់ហើយថា «សេរីភាពរបស់អ្នកហុងកុងមិនដែលបាត់បង់ទេ»៕