Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការព្រមានអំពីស៊ូណាមិត្រូវបានដកវិញ ក្រោយគ្រោះរញ្ជួយដី ៨.១រ៉ិចទ័រ វាយប្រហារកោះ Kermadec ស្ថិតនៅ១ពាន់គីឡូម៉ែត្រពីនូវែលសេឡង់ ​​​​(Video inside)

05-03-2021 09:25

(នូវែលសេឡង់)៖ ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានលុបចោលវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដី ៨.១រ៉ិចទ័រវាយប្រហារលើតំបន់ឆ្នេរនៃ ប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

គ្រោះរញ្ជួយដីកម្រិត ៨.១រ៉ិចទ័របានវាយប្រហារកោះ ខឺម៉ាដេក (Kermadec) ដែលជាកោះដាច់ស្រយាលមួយគ្មានមនុស្សរស់នៅ ស្ថិតនៅចំងាយប្រហែលជា ១,០០០គីឡូម៉ែត្រពីឦសានប្រទេសនូវែលសេឡង់ នៅម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។

មនុស្សរាប់ពាន់នាក់ដែលរស់នៅតាមបណ្ដោយឆ្នេរ នៅក្នុងប្រទេសនូវែលសេឡង់, ដែនដីបារាំងនៅឯនាយសមុទ្រមានឈ្មោះថា ញូ កាឡេដូនៀ (New Caledonia) និងប្រទេសដែនកោះ វែនួទូ ( Vanuatu) ត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព ខណៈមានការព្រមានថា រលកសមុទ្រអាចនឹងមានកម្ពស់ដល់ទៅ ៣ម៉ែត្រ កំពុងធ្វើដំណើរទៅកាន់ដែនដី New Caledonia។

មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ រីឯការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក៏ត្រូវបានលុបចោលវិញដែរ។ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីនូវែលសេឡង់ គ្រោះរញ្ជួយដីនៅថ្ងៃសុក្រនេះបានកើតឡើងដល់ទី ៣លើកឯណោះ ដោយមានកម្រិតរញ្ជួយ ៧.៤រ៉ិចទ័រ, ៧.២រ៉ិចទ័រ និងលើទី៣ គឺ ៨.១រ៉ិចទ័រ ដែលជាកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយ៕