Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យរំភើប! អង្គការ NASA បញ្ចេញវីដេអូដំបូងបំផុត ស្តីពីការចុះចតគ្រឿងយន្ត Perseverance នៅលើភពអង្គារ

23-02-2021 09:51

(អាមេរិក)៖ អង្គការ NASA នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានបញ្ចេញខ្សែវីដេអូដំបូងបំផុតមួយ ដែលមានគុណភាពខ្ពស់ ស្តីពីការចុះចតគ្រឿងយន្តស្រាវជ្រាវថ្មី ភើសេវើរែនស៍ (Perseverance) នៅលើផ្ទៃភពព្រះអង្គារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

វីដេអូដ៏ថ្មីសន្លាងនេះមានរយៈពេល ៣នាទី បានបង្ហាញឲ្យគ្រប់គ្នាឃើញអំពី ការគ្រលាស់ឆ័ត្រយោងដ៏ធំ ដែលមានពណ៌ទឹកក្រូចលាយស, គ្រឿងយន្តរ៉ុក្កែត Skycrane ដែលកំពុងសណ្តោងរ៉ូបូត Perseverance និងធូលីដីហុយកញ្ជ្រោលឡើយ ដោយសារតែគ្រឿងយន្តនេះ ធ្វើការចុះចតជិតដល់ដីភពអង្គារ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានបញ្ជាក់ថា ខ្សែវីដេអូថ្មីនេះពិតជាមានគុណភាពខ្ពស់ណាស់ ហើយពួកគេបានទស្សនាផង និងមានអារម្មណ៍រំភើបផង ហាក់បីដូចជាខ្លួនកំពុងចូលរួមការចុះចត ជាមួយបេសកកម្ម Perseverance យ៉ាងដូច្នោះឯង។ លោក ដេវ គ្រូអ៊ែល (Dave Gruel) ប្រធានក្រុមគ្រប់គ្រងបច្ចេកទេសកាមេរ៉ា បានលើកឡើងថា «វាធ្វើឲ្យខ្ញុំព្រឺសម្បុរ រាល់ពេលដែលខ្ញុំឃើញវា (វីដេអូ), វាពិតជាអស្ចារ្យណាស់»។

គួរបញ្ជាក់ថា គ្រឿងយន្តស្រាវជ្រាវភពអង្គារថ្មី Perseverance ព្រមទាំងកូនឧទ្ធម្ភាគចក្រដែលនៅជាប់ខ្លួនវា បានចុះចតទៅដល់រណ្តៅ ចេហ្សេរ៉ូ (Jezero) ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពព្រះអង្គារ ដោយជោគជ័យកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១(ពេលវេលានៅអាមេរិក)។ កាមេរ៉ាថតពណ៌ធម្មជាតិចំនួន ០៦គ្រឿង ត្រូវបានបំពាក់ ដើម្បីផ្តោតទៅលើការជ្រៀតចូលគន្លង ការបុកទម្លុះបរិយាកាស និងការចុះចត។

ការដាក់កាមេរ៉ាច្រើនបែបនេះ គឺដើម្បីស្វែងយល់ជាក់ស្តែង អំពីដំណើរនៃការចុះចតយានលើភពអង្គារ ប៉ុន្តែមានតែកាមេរ៉ាមួយគ្រឿងប៉ុណ្ណោះ ដែលបានដំណើរការថត។ ដោយឡែកសម្រាប់ ឧបករណ៍ថតសំឡេងនៅពេលចុះចតនោះ គឺបានខូចបាត់ទៅហើយ ប៉ុន្តែអង្គការ NASA បានថតយកសំឡេងខ្លះៗដែរ បន្ទាប់ពីគ្រឿងយន្តចុះចតដល់ផ្ទៃដី ក្នុងមានដូចជាសំឡេងនៃម៉ាស៊ីនរ៉ូបូត Perseverance និងសំឡេងខ្យល់ធូលីបោកបក់ខ្លាំង នៅក្រោយវាចុះចត៕