Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអង់គ្លេសចង់បាន «សន្ធិសញ្ញាស្តីពីជំងឺរាតត្បាតសកល»

16-02-2021 08:45

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ពិភពលោកត្រូវការជាចំាបាច់នូវ «សន្ធិសញ្ញាមួយស្ដីពីជំងឺឆ្លងរាតត្បាតសកល» ដើម្បីធានាឱ្យបានតម្លាភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមលោក បូរីស ចនសុន សន្ធិសញ្ញាដែលលោកចង់បាន នោះគឺជាសន្ធិសញ្ញាជាសកលស្ដីពីជំងឺឆ្លងរាតត្បាតសកល ដែលតម្រូវឱ្យប្រទេសនានា ចែករំលែកទិន្នន័យប្រកបដោយតម្លាភាព។ លោក ចនសុន បានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «ខ្ញុំគិតថា អ្វីដែលពិភពលោកត្រូវការ គឺកិច្ចព្រមព្រៀងទូទៅមួយ ដែលអាចឱ្យយើងចែករំលែកទិន្នន័យ... ហើយយើងចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនោះ ប្រកបដោយតម្លាភាព»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក បូរីស ចនសុន កើតមានឡើងបន្ទាប់ពីអង់គ្លេស និងសហរដ្ឋអាមេរិក បង្ហាញក្ដីបារម្ភជុំវិញការស៊ើបអង្កេតរកប្រភពដើម COVID-19 នៅក្នុងប្រទេសចិន ដោយក្រុមអ្នកជំនាញអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការស៊ើបអង្កេតរបស់ WHO ធ្វើឡើងមិនគ្រប់ជ្រុងជ្រោយ ហើយទាមទារឱ្យចិនបង្ហាញទិន្នន័យបន្ថែមទៀត។ ប៉ុន្តែទាំងចិន និង WHO បានរិះគន់យ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់សហរដ្ឋអាមេរិក៕