Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ មនុស្ស ៩នាក់ស្លាប់ និង ១៤០នាក់ទៀតបាត់ខ្លួន បង្កឡើងដោយគ្រោះបាក់ផ្ទាំងដីជម្រាលភ្នំ

07-02-2021 23:09

(ញូវដេលី)៖ គ្រោះធម្មជាតិបាក់ផ្ទាំងដីជម្រាលភ្នំ នៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងយោចណាស់ ០៩នាក់ស្លាប់ និង ១៤០នាក់ទៀតបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន US News នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែកម្ភៈ ឆ្នាំ២០២១។

អាជ្ញាធរឥណ្ឌា បានគូសបញ្ជាក់ថា ខ្លួនកំពុងបើកប្រតិបត្តិការរុករកមួយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីផ្ទាំងជម្រាលភ្នំ ដែលស្ថិតនៅតំបន់តាវ៉ាន នៃរដ្ឋអ៊ូតារ៉ាខាញ(Uttarakhand) បានបាក់នៅព្រឹកថ្ងៃអាទិត្យនេះ។

គ្រោះធម្មជាតិបាក់ផ្ទាំងជម្រាលភ្នំនេះ បានបង្កឲ្យមានគ្រោះទឹកជំនន់ និងកម្ទេចកម្ទីជាច្រើនបានបាក់ចូលទៅក្នុងទំនប់ទឹកចំនួន២ ដោយបានធ្វើឲ្យខូចខាតផ្ទះរបស់ប្រជាជនជាច្រើនខ្នង។ ជាមួយគ្នានេះ មានមនុស្សយ៉ាងហោចណាស់ ០៩នាក់បានស្លាប់បាត់បង់ជីវិត និង ១៤០នាក់ទៀតកំពុងបាត់ខ្លួន។

លោក Vivek Pandey ដែលជាអ្នកនាំពាក្យប៉ូលិសព្រំដែនឥណ្ឌូ-ទីបេ បាននិយាយថា ស្ថានីយ៍វារីអគ្គិសនី Rishiganga ត្រូវបានបំផ្លាញទាំងស្រុង ចំណែកឯស្ថានីយ៍វារីអគ្គិសនី Dhauliganga ត្រូវបានរកការខូចខាត។

លោក Pandey បានសង្កត់ធ្ងន់ទៀតថា មានសាកសព ៣នាក់ ត្រូវបានរកឃើញនៅក្បែររូងក្រោមដី នៃស្ថានីយ៍វារីអគ្គីសនី Dhauliganga ជាទីដែលមនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់កំពុងជាប់គាំង។ លោកបន្តថា កម្មករចំនួន ១៤០នាក់ទៀត នៃស្ថានីយ៍វារីអគ្គីសទាំងពីរ បានបាត់ខ្លួន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ មនុស្សរាប់ពាន់នាក់ ក៏បានស្លាប់ នៅតំបន់អ៊ូតារ៉ាខានខាងលើនេះដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមានគ្រោះបាក់ដី និងបង្ករជាទឹកជំនន់យ៉ាងខ្លាំង៕