Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្ដល់គារវកិច្ចដល់មន្ត្រីប៉ូលិសម្នាក់ ដែលពលីជីវិត ក្នុងកុបកម្មនៅវិមានសភា

03-02-2021 17:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានធ្វើដំណើរទៅកាន់វិមានសភា ដើម្បីធ្វើគារវកិច្ច និងគោរពវិញ្ញាណក្ខន្ធ ដល់មន្ត្រីប៉ូលិសម្នាក់ ដែលបានពលីជីវិត ក្នុងការការពារសមាជិកសភា ពីការវាយប្រហារពីសំណាក់ក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅពីលោក បៃដិន ប្រធានសភាតំណាងរាស្ត្រលោកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភាសំឡេងភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer រួមទាំងថ្នាក់ដឹកនាំសភាជាច្រើនរូបទៀត ក៏បានផ្ដល់គារវកិច្ច និងគោរពវិញ្ញាណក្ខន្ធដល់មន្ត្រីប៉ូលិសឈ្មោះ Brian Sicknick ផងដែរ។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសឈ្មោះ Brian Sicknick រួមទាំងមនុស្ស៤នាក់ផ្សេងទៀត បានស្លាប់នៅក្នុងកុបកម្មយ៉ាងបង្ហូរឈាម នៅឯវិមានសភា ដែលបង្កឡើងដោយ ក្រុមកុបករគាំទ្រ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ។ បើតាមមន្ត្រីប៉ូលិសប្រចាំវិមានសភា លោក Brian Sicknick បានបាត់បង់ជីវិតក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុចុងក្រោយ នៃមរណភាពរបស់មន្ត្រីរូបនេះឡើយ ខណៈការស៊ើបអង្កេត កំពុងដំណើរការ៕