Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ព្រមានថារដ្ឋប្រហារនៅមីយ៉ាន់ម៉ា អាចនឹងបង្កើនឥទ្ធិពលចិន ក្នុងតំបន់

02-02-2021 17:21

(តូក្យូ)៖ បណ្ដាប្រទេសប្រជាធិតេយ្យនៅលើពិភពលោក កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ នៃការរុញច្រានមីយ៉ាន់ម៉ា ឱ្យធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ចិន បើសិនជាការឆ្លើយតបរបស់ពួកគេ ចំពោះរដ្ឋប្រហារ ឈានទៅរកការកាត់ផ្ដាច់ទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ា។ នេះជាការព្រមានរបស់លោក ណាកាយ៉ាម៉ា យ៉ាស៊ូហ៊ីដេ (Nakayama Yasuhide) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណាកាយ៉ាម៉ា យ៉ាស៊ូហ៊ីដេ ធ្វើការព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះ និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា។ លោក ណាកាយ៉ាម៉ា បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជា យើងមិនអាចដោះស្រាយបញ្ហានេះបានល្អទេ នោះមីយ៉ាន់ម៉ា នឹងកាន់តែឃ្លាតឆ្ងាយពីនយោយបាយប្រជាធិបតេយ្យសេរី ដោយពួកគេនឹងទៅចូលរួមជាមួយបក្សសម្ព័ន្ធ របស់ចិន»

លោកបន្ថែមថា បើសិនជាជប៉ុន លុបចោល ឬផ្អាកកម្មវិធីភាពជាដៃគូជាមួយយោធាមីយ៉ាន់ម៉ា នោះចិនអាចកេងចំណេញពង្រីកឥទ្ធិពលបន្ថែម ដែលនេះអាចនឹងបំផ្លាញ សន្តិសុខនៅក្នុងតំបន់ទាំងមូល។

គួរបញ្ជាក់ថា ជប៉ុន គឺជាម្ចាស់ជំនួយដ៏ធំសម្រាប់មីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តែខណៈសហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក នាំគ្នាថ្កោលទោស រដ្ឋប្រហារ រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឱ្យមានការដោះលែងលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកស្រី ជាច្រើនរូបទៀត ដែលត្រូវបានយោធាចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ៕