Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន ព្រមានសងសឹកចំពោះ ក្រុមវាយប្រហារតាមអ៉ីនធើណិត លើរដ្ឋាភិបាលអាមេរិក នៅពេលលោកឡើងកាន់តំណែង (Video inside)

23-12-2020 10:13

(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា អ្នកដែលនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត (cyberattack) ដ៏ធំសម្បើមមកលើរដ្ឋាភិបាលអាមេរិក (ប្រភពមិនផ្លូវការបានចោទលើរុស្ស៊ី) នឹងត្រូវប្រឈមមុខផលវិបាក ហើយលោកក៏បានរិះគន់លោក ដូណាល់ ត្រាំ ជុំវិញវិធានការឆ្លើយតប ចំពោះការគំរាមកំហែងនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាមុនថ្ងៃឈប់សម្រាក ទៅកាន់ពលរដ្ឋអាមេរិកាំង លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា យើងមិនអាចទុកឲ្យរឿងនេះ បញ្ចប់ទៅគ្មានចម្លើយបានឡើយ យើងត្រូវការចម្លើយឲ្យច្បាស់ៗ និងជាសាធារណៈ ថាតើនរណាជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ហើយយើងចំបាច់ត្រូវចាត់វិធានការតបតវិញ។ លោក បៃដិន ដែលកំពុងរង់ចាំទទួលព័ត៌មានសង្ខេប ស្តីពីបញ្ហាសន្តិសុខជាតិបានបញ្ជាក់ថា លោកនៅមិនទាន់ដឹងពីទំហំនៃការខូចខាត ក្រោយពីការវាយប្រហារនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក បានរាយការណ៍ថា ក្រុមប្រតិបត្តិការមួយដែលមានការរៀបចំ ផ្នែកបច្ចេកវិទ្យាទុកជាមុនយ៉ាងល្អិតល្អន់ បានបើកការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត មកលើរដ្ឋាភិបាលអាមេរិក កាលពីប៉ុន្មានខែមុន តាមរយៈការលួចជ្រៀតចូលកម្មវិធីសន្តិសុខ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ។

នៅជុំវិញបញ្ហាខាងលើនេះ លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា មិនមានភ័ស្តុតាងណាមួយឡើយ យើងអាមេរិកអាចគ្រប់គ្រងវាបានវិញហើយ។ ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក ត្រាំ លោក បៃដិន បានកត់សម្គាល់ថា លោកប្រធានាធិបតីរូបនេះ នៅមិនទាន់បានកំណត់ថា តើនរណាជាអ្នកទទួលខុសត្រូវនៅឡើយទេ។ លោក បៃដិន ក៏បានព្រមានដែរថា លោកនឹងចាត់វិធានការសងសឹកវិញ នៅពេលលោកចូលកាន់តំណែងផ្លូវការ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ខាងមុខ៕