Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ទីបំផុតសហរដ្ឋអាមេរិក អនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna (Video inside)

19-12-2020 09:40

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna នៅក្នុងករណីបន្ទាន់ហើយ ដែលវានឹងត្រួសត្រាយផ្លូវដល់វ៉ាក់សាំងរបស់ក្រុមហ៊ុនទី ២នេះ ជូនប្រជាជនអាមេរិកនាពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈការអនុម័តខាងលើដោយ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេបំផុត ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Moderna ដែលបច្ចុប្បន្នជាវ៉ាក់សាំងទី ២ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។ ក្រោយការអនុញ្ញាតនេះ លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានសម្ដែងការអបរសាទរផងដែរ។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅក្នុងសារមួយនៅលើ Twitter យ៉ាងដូច្នេះថា «សូមអបអរសាទរ! បច្ចុប្បន្នវ៉ាក់សាំងក្រុមហ៊ុន Moderna ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងករណីបន្ទាន់ហើយ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំង ២០០លានដូសពីក្រុមហ៊ុន Moderna ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជនអាមេរិក ១០០លាននាក់ ក្នុងដំណាក់កាលដំបូង។ ក្រុមហ៊ុន Moderna គ្រោងនឹងជញ្ជូនវ៉ាក់សាំង ២០លានដូស ចែកចាយទូទាំងសហរដ្ឋអាមេរិក នៅក្នុងខែធ្នូនេះ និង ៨០លានដូសបន្ថែមទៀត នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ និងនៅសល់ ១០០លានដូសទៀត សម្រាប់ត្រីមាសទី២ នៃឆ្នាំដដែល៕