Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ីថា វ៉ាក់សាំងកូវីដ-១៩ដឹកមកពីចិន «១.២លានដូស» ស្ថិតក្នុងស្ថានភាពល្អ ហើយវានឹងត្រូវចាក់ឲ្យ បុគ្គលិកសុខាភិបាលមុនគេ

07-12-2020 17:04

(ហ្សាកាតា)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក តឺរ៉ាវ៉ាន់ អាហ្គឹស ភូថេមប៊ឺ (Terawan Agus Putember) នៅថ្ងៃចន្ទនេះបានឲ្យដឹងថា វ៉ាក់សាំង COVID-19 មកពីប្រទេសចិន ស្ថិតក្នុងស្ថានភាពល្អ នៅពេលមកដល់ប្រទេសឥណ្ឌូណេស៊ី ហើយរថយន្តបំពាក់ដោយទូរទឹកកក សម្រាប់ចែកចាយបានរៀបចំរួចជាស្រាច ដើម្បីការពារសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោករដ្ឋមន្ត្រីឥណ្ឌូណេស៊ីបានថ្លែងថា ការត្រួតពិនិត្យជាក់ស្តែង ត្រូវបានអនុវត្តយ៉ាងដិតដល់បំផុត ដើម្បីធ្វើឲ្យប្រាកដថា វ៉ាក់សាំងស្ថិតក្នុងស្ថានភាពល្អ និងគ្មានកញ្ចប់វេចខ្ចប់ណាខូចខាតឡើយ ហើយសីតុណ្ហភាពកំឡុងពេលដឹកជញ្ជូន ត្រូវបានរក្សាតាមការកំណត់ ខណៈឃ្លាំងផ្ទុកវ៉ាក់សាំង ក៏ត្រូវបានរៀបចំផងដែរ ដើម្បីរក្សាទុកវ៉ាក់សាំង Sinovac សរុបចំនួន ១.២លានដូសពីប្រទេសចិន ជាមួយនឹងការគ្រប់គ្រងសីតុណ្ហភាពដ៏ត្រឹមត្រូវ។

រដ្ឋមន្ត្រីខាងលើនេះបានបន្ថែមទៀតថា វ៉ាក់សាំង COVID-19 នឹងត្រូវធ្វើការចែកចាយ ទៅតាមការិយាល័យសុខាភិបាលប្រចាំខេត្តនានា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី មុនពេលបញ្ជូនបន្តទៅកាន់ ការិយាល័យសុខាភិបាលថ្នាក់ស្រុក ឬក្រុង។

គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថក្នុងស្រុក បាយអូ ហ្វាម៉ា (Bio Farma) ក៏បានត្រៀមរថយន្ត ដែលមានកន្លែងស្តុកត្រជាក់សមស្រប ដើម្បីរក្សាគុណភាពរបស់វ៉ាក់សាំង កំឡុងពេលដឹកជញ្ជូនផងដែរ។ បើតាមសារព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី អាន់ថារ៉ា (Antara) លោករដ្ឋមន្ត្រីបានលើកឡើងថា ដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំង COVID-19 នឹងផ្តល់អាទិភាពជូនដល់អ្នកប្រយុទ្ធជួរមុខរួមមាន បុគ្គលិកសុខាភិបាល និងជំនួយការផ្នែកសុខាភិបាល នៅតាមមណ្ឌលសុខភាពនានា៕