Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះរុស្ស៊ីរងការគំរាមបំផ្ទុះគ្រាប់បែក ប៉ុន្តែក្រោយប៉ូលិសអាមេរិកពិនិត្យ គឺមិនឃើញមាននោះឡើយ នៅអាកាសយានដ្ឋានរដ្ឋញូយ៉ក

07-12-2020 15:56

(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្សី Sputnik នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា មិនមានគ្រឿងផ្ទុះណាមួយ ត្រូវបានរកឃើញនៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី អេរ៉ូហ្វឡូត (Aeroflot) ដែលបានធ្វើដំណើរចេញពីទីក្រុងម៉ូស្គូ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ចន អ៊ែហ្វ ខេនណឺឌី (JFK Airport) នៅរដ្ឋញូយ៉ក សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានគូសបញ្ជាក់ថា «មានការគំរាមកំហែងពីបរទេស អំពីការបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ ប៉ុន្តែព័ត៌មាននោះ គឺជាព័ត៌មានមិនពិតនោះទេ... អ្វីៗគ្រប់យ៉ាងត្រូវបានត្រួតពិនិត្យរួចជាស្រេច... ឯយន្តហោះកំពុងចេញដំណើរទៅហើយ ដែលយើងនឹងចាប់ផ្តើមចុះចត តាមកាលកំណត់»។ យន្តហោះខាងលើគ្រោងនឹងធ្វើដំណើរត្រឡប់ទៅកាន់ ទីក្រុងម៉ូស្គូវិញកាលពីម៉ោង ០៥៖៤០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅញូយ៉ក) ប៉ុន្តែត្រូវបានពន្យារពេលជាង ៥ម៉ោង។

គួរបញ្ជាក់ថា អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងនៅមុននេះថា កងកម្លាំងប៉ូលិសអាមេរិក បានព្យាយាមស្វែងរកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ដែលបានចុះចតនៅអាកាសយានដ្ឋាន JFK នៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ (ពេលវេលានៅញូយ៉ក) បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ អំពីការគំរាមបំផ្ទុះគ្រាប់បែក៕