Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

SpaceX អាចនឹងធ្វើតេស្តនាវាអវកាស Starship ក្នុងពេលឆាប់ៗនេះ

02-12-2020 18:50

(វ៉ាស៉ីនតោន)៖ ការធ្វើតេស្តដ៏សំខាន់មួយនៃនាវាអវកាស Starship របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX នឹងប្រព្រឹត្តក្នុងសប្តាហ៍នេះ ហើយទំនងជានឹងកើតឡើងនៅចន្លោះយប់ថ្ងៃពុធនេះ និងព្រឹកថ្ងៃព្រហស្បតិ៍ស្អែក (ពេលវេលានៅកម្ពុជា)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Independent នៅល្ងាចថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

កាលពីដើមខែវិច្ឆិកាកន្លងទៅ នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន SpaceX គឺលោក អេឡុន ម៉ាសក៍ (Elon Musk) ធ្លាប់បានបង្ហើបថា ក្រោយការធ្វើតេស្តបញ្ឆេះម៉ាស៉ីន និងការធ្វើតេស្តបាញ់ឡើងទៅលើកម្ពស់ត្រឹម ១៥០ម៉ែត្រ ក្រុមហ៊ុនលោកគ្រោងនឹងធ្វើតេស្តបាញ់បង្ហោះនាវាអវកាស Starship ឲ្យឡើងដល់កម្ពស់ ១៥គីឡូម៉ែត្រក្នុងខែដដែលនោះ។ ប៉ុន្តែកាលពីខែវិច្ឆិកា ការធ្វើតេស្តពុំបានកើតឡើងទេ។

ដោយឡែកយោងតាមការបង្ហោះសារលើប្រព័ន្ធ Twitter កាលពីពេលថ្មីៗនេះ ដោយលោក Musk ការធ្វើតេស្តកម្ពស់ ១៥គីឡូម៉ែត្រនោះទំនងជាប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ដោយនៅខ្ទង់ចន្លោះម៉ោង ០៩៖០០នាទីយប់ថ្ងៃពុធ រហូតដល់ម៉ោង ០៦៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ពេលវេលានៅកម្ពុជា) ព្រោះថាក្រុមហ៊ុន SpaceX បានស្នើសុំបិទផ្លូវជុំវិញមូលដ្ឋាន បូកា ឈីកា (Boca Chica) របស់ខ្លួនក្នុងរដ្ឋតិចសាស់ កំឡុងចន្លោះម៉ោងទាំងពីរ។ បន្ថែមពីនេះ SpaceX ក៏បានស្នើសុំបិទផ្លូវក្នុងចន្លោះម៉ោងដូចគ្នាដែរ សម្រាប់ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា នាវាអវកាស Starship គឺជាគម្រោងអភិវឌ្ឍយានអវកាស ប្រកបដោយមហិច្ឆតាខ្ពស់បំផុតរបស់ក្រុមហ៊ុន SpaceX ដែលវាត្រូវគេរចនាឡើងដើម្បីមានសមត្ថភាព ផ្ទុកមនុស្សបានរហូតដល់ ១០០នាក់ សម្រាប់ការធ្វើដំណើរទៅកាន់ គោលដៅឆ្ងាយៗក្នុងទីអវកាសដូចជា ឋានព្រះច័ន្ទ និងភពអង្គារជាដើម៕