Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកទោសជាង៦០នាក់ ហែកគុករត់គេចខ្លួន នៅលីបង់ ក្នុងនោះ៥នាក់បានស្លាប់

22-11-2020 00:21

(លីបង់)៖ អ្នកទោសជាង៦០នាក់ បានហែកពន្ធនាគារមួយ នៅលីបង់ នាថ្ងៃសៅរ៍នេះ ហើយ៥នាក់នៃពួកគេបានស្លាប់ នៅពេលដែលរថយន្ត ដែលពួកគេជិះរត់គេចខ្លួន បានបុកនឹងដើមឈើ, នេះបើតាមការបញ្ជាក់ពីមន្ត្រីសន្តិសុខ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ពួកគេបានគេចខ្លួន ចេញពីពន្ធនាគារនៅក្នុងស្រុក Baabda នៅពេលព្រឹកព្រលឹម បន្ទាប់ពីបានគាស់ទ្វារពន្ធនាគារ, នេះបើតាមការឲ្យដឹង ពីសារព័ត៌មានក្នុងស្រុក NNA។ ប្រភពដដែលបានបន្ថែមថា កងកម្លាំងប៉ូលិស បានឡោមព័ទ្ធតំបន់នោះហើយ។

មន្ត្រីសន្តិសុខ បានប្រាប់សារព័ត៌មាន Reuters ថា មានអ្នកទោស៦៩នាក់ បានរត់គេចខ្លួន ហើយ៨នាក់ត្រូវបានចាប់ខ្លួនវិញ។ ៥នាក់នៃពួកគេបានស្លាប់ ក្រោយពីរថយន្ត ដែលពួកគេលួចយកទៅជិះ បានបុកនឹងដើមឈើ។ មន្ត្រីអាជ្ញាធរ បានបើកការស៊ើបអង្កេតមួយ ទៅលើករណីហែកគុកនេះ៕