Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ទទួលការណែនាំពីមន្ត្រីបក្សសាធារណរដ្ឋ ឲ្យយល់ព្រមផ្ទេរអំណាចទៅលោក ចូ បៃដិន ដោយរលូន (Video inside)

21-11-2020 14:57

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរងសម្ពាធយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ ដោយសារតែការប្រឆាំងនឹងជ័យជម្នះរបស់លោក ចូ បៃដិន (Joe Biden) នៅក្រោយការបោះឆ្នោត ហើយលោកក៏នៅតែបន្តបង្ហោះសារបង្ហាញភាពខឹងសម្បារ នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានធ្វើការជួបប្រជុំនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាមួយសមាជិកសភានៅរដ្ឋ មីឈីហ្គែន (Michigan) ក្នុងគោលបំណងដាក់សម្ពាធដល់បណ្តាសង្កាត់នៅក្នុងរដ្ឋសំខាន់ៗ ឲ្យមិនទទួលស្គាល់សន្លឹកឆ្នោត។ ប៉ុន្តែអ្វីដែលជាការពិត ពេលវេលារបស់លោក ដូណាល់ ត្រាំ នៅក្នុងសេតវិមានគឺមានកំណត់ ខណៈរដ្ឋសំខាន់ៗ (battle states) បានបញ្ជាក់ពីលទ្ធបោះឆ្នោតចុងក្រោយរបស់ពួកគេថា លោក ចូ បៃដិន គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ។

ជុំវិញបញ្ហាខាងលើនេះ លេខាធិការនៃរដ្ឋចរជា (Georgia) លោក ប្រ៊ែដ រ៉ាហ្វហ្វិនស្ពើហ្គឺ (Brad Raffensperger) បានគូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថាតួលេខដែលយើងបានបង្ហាញថ្ងៃនេះ គឺជាតួលេខត្រឹមត្រូវដែលឆ្លុះបញ្ចាំងពីការកាត់សេចក្តីរបស់ប្រជាជនអាមេរិក»។ ដោយឡែកព្រឹទ្ធសភាមួយរូបទៀតគឺលោក ឡាម៉ា អាឡិចហ្សានដឺ (Lamar Alexander) បានក្លាយជាមន្ត្រីបក្សសាធារណរដ្ឋក្រោយគេ ដែលបានចេញមុខប្រឆាំងលោក ត្រាំ ដោយបានអះអាងថា «លោក បៃដិន មានឱកាសដ៏ល្អមួយ ក្នុងការក្លាយខ្លួនជាប្រធានាធិបតីអាមេរិកបន្ទាប់ ហើយលោកគួរតែទទួលបានអ្វីៗគ្រប់យ៉ាងដែលចាំបាច់ នៅក្នុងដំណើរការផ្ទេរអំណាចដោយរលូន»