នាយករដ្ឋមន្ត្រីជប៉ុន៖ «ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុង ការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២,០០០នាក់ក្នុង១ថ្ងៃ» (Video inside)
19-11-2020 13:39
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ( Suga Yoshihide) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុង «ការប្រកាសអាសន្នកម្រិតខ្ពស់បំផុត» បន្ទាប់ពីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗកើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗជាង ២,០០០ករណីនៅទូទាំងប្រទេស ក្នុងនោះមានករណីឆ្លងជិត ៥០០ករណីបានរាយការណ៍ចេញពីរដ្ឋធានីតូក្យូ (Tokyo)។
ជុំវិញគ្រាអាសន្ននេះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា បានគូសបញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មានថា «ឥឡូវនេះយើងកំពុងស្ថិតនៅក្រោម ការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ហើយខ្ញុំសូមសំណូមពរដល់ជនជាតិជប៉ុនទាំងអស់ ឲ្យចូលរួមអនុវត្តវិធានការឲ្យបានពេញលេញ ដូចជាការពាក់ម៉ាសជាដើម»។
ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា លោក ស៊ូហ្គា បានស្នើដល់ទីប្រឹក្សាជំនាញ ឲ្យជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យមើលការកើនឡើងនៃករណីឆ្លង មុនពេលរដ្ឋាភិបាលជប៉ុនសម្រេចចិត្ត ចាត់វិធានការបន្ថែមទៀតដើម្បីទប់ទល់។
លោក ស៊ូហ្គា ក៏បានគូសបញ្ជាក់បន្ថែមថា លោកនឹងគាំទ្រប្រសិនបើអ្នកជំនាញស្នើសុំ ឲ្យអាជីវកម្មទាំងអស់បិទទ្វារមុនពេលកំណត់ រួមទាំងការរឹតត្បិតមួយចំនួនទៀត ដូចជាការកំណត់មនុស្សចូលទៅភោជនីយដ្ឋាន ក៏គួរតែត្រូវបានពិចារណាផងដែរ។
គួរបញ្ជាក់ថា ទីក្រុង Tokyo ត្រូវបានគេរំពឹងថា នឹងបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតលេខ ៤ ដែលជាកម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែការផ្លាស់ប្តូរនេះ។ ហើយរហូតមកទល់ពេលនេះ ប្រទេសជប៉ុន មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជិត ១២១,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១,៩០០នាក់ និងជាសះស្បើយជាង ១០៥,៦៩០នាក់៕