Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាលើកទី៣ (Video inside)

14-11-2020 13:15

(វ៉ាស៊ីនតោន)៖ ចាប់តាំងពីការឡើងកាន់់តំណែង ជាប្រធានាធិបតីអាមេរិក នេះជាលើកទី ៣ ហើយដែលលោក ដូណាល់ ត្រាំ បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូល នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដោយលោកបានត្រឹមចាត់តាំង ឲ្យអ្នកតំណាងចូលរួមប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូប្រាយអិន (Robert O'Brien) បានបកស្រាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានការសោកស្តាយដែលមិនអាចចូលរួម នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ជាមួយបណ្តាប្រទេសជាសមាជិកទាំង ១០ របស់អាស៊ាន ប៉ុន្តែលោកប្រធានាធិបតីនៅតែផ្តល់តម្លៃ និងសារៈសំខាន់ចំពោះទំនាក់ទំនង លើគ្រប់វិស័យជាមួយតំបន់់មួយនេះ។

នៅចំពោះមុខថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន (តាមរយៈវីដេអូអនឡាញ) តំណាងរបស់ប្រធានាធិបតីអាមេរិក គឺលោក Robert O'Brien បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កំឡុងពេលនៃវិបត្តិសកលនេះ ភាពជាដៃគូយុទ្ធសាស្ត្រ អាមេរិក-អាស៊ាន បានប្រែក្លាយកាន់តែសំខាន់ជាងមុន ដែលយើងត្រូវធ្វើការងារជាមួយគ្នា ដើម្បីទប់ទល់វីរុសកូរ៉ូណា»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានចូលរួមដោយផ្ទាល់តែម្តងគត់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន ប៉ុន្តែសម្រាប់កិច្ចប្រជុំពីរលើកក្រោយមកទៀត និងកិច្ចប្រជុំនៅក្នុងឆ្នាំ២០២០ នេះតែម្តង លោកបានឲ្យអ្នកតំណាងចូលរួមជំនួយ។ ដោយឡែកកិច្ចប្រជុំកំពូលពិសេសមួយ ដែលលោក ដូណាល់ ត្រាំ គ្រោងធ្វើឡើងដើម្បីស្វាគមន៍បណ្តាមេដឹកនាំអាស៊ាន នៅទីក្រុងឡាសវេហ្គាស (Las Vegas) រដ្ឋណេវ៉ាដា (Nevada) កាលពីខែមីនា ឆ្នាំ២០២០នោះ ក៏ត្រូវបានផ្អាកវិញផងដែរ ដោយសារតែជំងឺរាតត្បាតសកល COVID-19៕