Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះទីហ្វុង Vamco បោកបក់ហ្វីលីពីន និងបង្កជាគ្រោះទឹកជំនន់ នៅទីក្រុងម៉ានីល, មនុស្សម្នាក់ស្លាប់ និង៣នាក់បាត់ខ្លួន (Video inside)

12-11-2020 14:32

(ម៉ានីល)៖ ក្រុមសង្គ្រោះបន្ទាន់បានជម្លៀសពលរដ្ឋ ដែលកំពុងជាប់គាំងនៅលើដំបូលផ្ទះ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយព្យុះទីហ្វុងវ៉ាមកូ (Vamco) បានបង្កឱ្យមានទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងខេត្តមួយចំនួនទៀតនៅលើកោះ លូហ្សូន (Luzon)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

Vamco គឺជាព្យុះទីហ្វុនទី ៣ នៅក្នុងរយៈពេល ១១ថ្ងៃមកនេះ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃពុធ និងនាំមកនូវខ្យល់បោកបក់យ៉ាងសន្ធប់ លាយឡំនិងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ នៅតាមតំបន់ដែលធ្លាប់រងការវាយប្រហារ ដោយព្យុះទីហ្វុង ហ្គោនី (Goni) កាលពីដើមខែតុលានេះ។

ព្យុះទីហ្វុន Vamco ក៏បានការផ្តាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ នៅផ្នែកជាច្រើននៃទីក្រុងម៉ានីល និងខេត្តជាច្រើនទៀតផងដែរ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និងអ្នកនេសាទ ០៣នាក់បាត់ខ្លួន។

ឆ្មាំការពារដែនសមុទ្រហ្វីលីពីន បានជួយសង្គ្រោះពលរដ្ឋសរុបចំនួន ១២២ គ្រួសារនៅក្នុងខេត្ត ខាវីត (Cavite)។ ចំណែកឯនៅទីក្រុង ម៉ារីគីណា (Marikina) នៃតំបន់ជុំវិញរដ្ឋធានីម៉ានីល (Metro Manila) វិញ គ្រួសារជាច្រើនត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព បន្ទាប់ពីទឹកទន្លេកើនឡើងដល់ កម្រិតប្រកាសអាសន្ន។ កងទ័ពក៏ត្រូវបានដាក់ពង្រាយ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះផងដែរ។

បើតាមទីភ្នាក់ងារឧតុនិយមហ្វីលីពីន កម្លាំងខ្យល់បក់នៃព្យុះនេះមានចន្លោះពី ១៣០-២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយពេលនេះវាកំពុងរំកិល ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង៕