Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅវៀតណាម ក្រោយវៀតណាមដោះលែង អ្នកទោសអាមេរិកម្នាក់

31-10-2020 10:54

(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានងាករេចង្កូតទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយប្រទេសវៀតណាម ដោយត្រូវបានចាត់ទុកជាការភ្ញាក់ផ្អើលមួយផងដែរ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយអាជ្ញាធរវៀតណាមព្រមដោះលែង អ្នកទោសម្នាក់ជាជនជាតិអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។

មិនត្រឹមតែការដោះលែងអ្នកទោសនោះឡើយ វៀតណាមក៏ស្ថិតនៅក្នុងចង្កោមប្រទេស ដែលកំពុងមានបញ្ហាជម្លោះដែនសមុទ្រ ជាមួយនិងប្រទេសចិនផងដែរ ហេតុដូច្នេះវាមិនមែនជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះឡើយ នៅពេលលោក ម៉ៃក៍ ប៉ុមប៉េអូ ចាត់បញ្ចូលវៀតណាមភ្លាមៗ ទៅក្នុងដំណើរទស្សនកិច្ចមកកាន់ទ្វីបអាស៊ី ដែលពីមុនមកមានតែប្រទេសឥណ្ឌា ស្រីលង្កា ម៉ាល់ឌីវ និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលមានឈ្មោះនៅក្នុងបញ្ជីធ្វើទស្សនកិច្ច។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នៅក្នុងទីក្រុងហាណូយ ដែលបានធ្វើឡើង កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក ប៉ុមប៉េអូ បានលើកឡើងថា «យើង (អាមេរិក) ទន្ទឹងរង់ចាំបន្តធ្វើការងារជាមួយគ្នា ដើម្បីកសាងទំនាក់ទំនងរបស់យើង ដើម្បីធ្វើឱ្យតំបន់ទាំងឡាយដូចជា អាស៊ីអាគ្នេយ៍ អាស៊ី និងឥណ្ឌូ - ប៉ាស៊ីហ្វិកមានសុវត្ថិភាព សន្តិភាព និងវិបុលភាព»។ មេដឹកនាំវៀតណាមបានឆ្លើយតប ទៅកាន់គណៈប្រតិភូអាមេរិកវិញថា ប្រទេសអាស៊ានមួយនេះកំពុងស្វែងរក «កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់» ក្នុងការគាំទ្រដល់តំបន់នេះ ប្រកបដោយសន្តិភាព និងវឌ្ឍនភាព ក៏ដូចជាទៅលើទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។

ដំណើរទស្សនកិច្ចត្រូវបានធ្វើឡើង ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ និងក្រោយពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំនៅក្នុងប្រទេសវៀតណាម ពីបទប៉ុនប៉ងផ្ដួលរំលំ រដ្ឋាភិបាលទីក្រុងហាណូយនោះ ត្រូវបានដោះលែងឱ្យមានសេរីភាព និងត្រឡប់ទៅដល់ផ្ទះរបស់លោកវិញ ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីសប្ដាហ៍មុន៕

គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ មិនបានរំលឹក ឬនិយាយចំឈ្មោះប្រទេស «ចិន» ជាសាធារណៈ នៅពេលលោកមកដល់ទឹកដីវៀតណាមនោះឡើយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានអំពាវនាវឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ងើបឈរឡើងទប់ទល់នឹងការគំរាមកំហែងនានា ជាពិសេសទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម៕