បៃដិន ថាបើលោកជាប់ឆ្នោត នឹងពង្រឹងសម្ព័ន្ធភាពជាមួយ កូរ៉េខាងត្បូង ជាជាងគំរាមដកទ័ពចេញដូចលោក ត្រាំ បានធ្វើ (Video inside)
30-10-2020 16:26
(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យនៅអាមេរិក លោក ចូ បៃដិន បានសន្យាថា លោកនឹងពង្រឹងសម្ព័ន្ធភាព ជាមួយកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ជាជាងការគំរាមដកទ័ពចេញ ពីសម្ព័ន្ធមិត្តអាស៊ីមួយនេះ ដូចអ្វីដែលលោក ដូណាល់ ត្រាំ បានធ្វើកន្លងមក។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០។
ការប្តេជ្ញារបស់លោក ចូ បៃដិន ខាងលើនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា។ លោក ចូ បៃដិន បានបញ្ជាក់ទៀតថា ការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវតែធ្វើឡើងដោយស្ថិតក្រោមគោលការណ៍ការទូត ហើយលោកក៏ធ្លាប់បានព្រលះលោក ដូណាល់ ត្រាំ ផងដែរថា បានដើរនយោបាយខុស ទើបនាំឲ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានរំលឹកកាលគ្រាលោក នៅជាអនុប្រធានានាធិបតីអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចនៅតំបន់ ព្រំដែនគ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរ ដោយកាលណោះលោកបានឈរតែប៉ុន្មានសិបម៉ែត្រប៉ុណ្ណោះ ពីទឹកដីកូរ៉េខាងជើង។ លោក បៃដិន បានសង្កត់ធ្ងន់ថា លោកមានការឈឺចាប់ ចំពោះការបែកបាក់គ្នានៃកូរ៉េទាំងពីរ និងជាពិសេសក្រុមគ្រួសារកូរ៉េ ដែលនៅបន្តរស់នៅព្រាត់ប្រាស់គ្នា រាប់ទសវត្សរ៍មកនេះ៕