Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ទីបំផុតលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសលុបចោលការប្រកាសអាសន្ន ចំពោះមុខបាតុកម្មដ៏ក្តៅគគុក (Video inside)

22-10-2020 14:06

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា នៅមុននេះបន្តិចបានប្រកាសលុបចោល «បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន» រួមទាំងបទបញ្ជាពាក់ព័ន្ធដទៃទៀត ចាប់ពីរសៀលនៅថ្ងៃព្រហស្បតិ៍នេះតទៅ ដែលកន្លងមកវាបានត្រឹមតែដុតកំហឹងបាតុករបន្ថែមនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ លោក ប្រាយុទ្ធ បានបញ្ជាក់ថា បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែតុលា គឺមានគោលដៅបញ្ឈប់សកម្មភាពបំពានស្ថាប័នព្រះមហាក្សត្រ និងភាពចលាចលក្នុងសង្គម ហើយវាត្រូវមានសុពលភាពរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ប៉ុន្តែដោយមើលឃើញថា នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពអំពើហិង្សាបានបិទបញ្ចប់ រីឯមន្ត្រីរដ្ឋាភិបាលមានលទ្ធភាពអនុវត្តច្បាប់ ដើម្បីដោះស្រាយបញ្ហា ទើបការប្រកាសអាសន្នរួមទាំងបទបញ្ជាពាក់ព័ន្ធដទៃៗទៀត ត្រូវបានសម្រេចលុបចោល ចាប់ពីរសៀលថ្ងៃព្រហស្បតិ៍នេះតទៅ។

គួរជម្រាបថា លោក បា្រយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធម្សិលមិញបាននិយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីលុបចោល បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រសិនបើគ្មានអំពើហិង្សាកើតឡើង។ ប៉ុន្តែក្រុមបាតុករនៅតែមិនទាន់អស់ចិត្តឡើយ ដោយពួកគេបានប្រកាសទុកពេល ០៣ថ្ងៃឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមមុខ មហាបាតុកម្មកាន់តែធំជាងមុនជាក់ជាមិនខាន៕