មេបក្សប្រឆាំងរុស្ស៊ី Navalny ហាក់ខកចិត្តខ្លាំងចំពោះប្រធានាធិបតីអាមេរិក ដែលមិនសូវបញ្ចេញប្រតិកម្ម ជុំវិញករណីបំពុលលោក (Video inside)
19-10-2020 15:17
(ម៉ូស្គូ)៖ មេបក្សប្រឆាំងរុស្ស៊ីលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) បានទួញសោកយ៉ាងខ្លាំង ចំពោះការបញ្ចេញប្រតិកម្មតិចតួចបំផុត ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅលើសំណុំរឿងបំពុលដែលបានប៉ុនប៉ងសម្លាប់រូបលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍របស់ CBS ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ លោក Navalny បានគូសបញ្ជាក់ថា «ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នា រាប់បញ្ចូលទាំងប្រធានាធិបតីអាមេរិក ត្រូវតែប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់អាវុធគីមី នៅក្នុងសតវត្សរ៍ទី២១នេះ»។ ជាថ្មីម្តងទៀត លោក Navalny បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថាជាអ្នកនៅពីក្រោយការប៉ុនប៉ងផ្ដាច់ជីវិតលោក បើទោះបីជាទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់នេះក៏ដោយ។
យ៉ាងណាមិញលោក Navalny ក៏មិនទាន់ច្បាស់លាស់ អំពីការចោទប្រកាន់របស់ខ្លួនដែរ ដោយវាអាចគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែមេដឹកនាំប្រឆាំងរូបនេះបានអះអាងថា លោកមានការគាំទ្រពេញទំហឹងពីក្រុមគ្រួសាររបស់លោក បើទោះបីជាពួកគេខ្លាចថា អាចនឹងត្រូវប្រឈមមុខក្នុងការបំពុលដែរក៏ដោយ។ លោក Navalny បានគូសបញ្ជាក់បន្ថែមថា លោកមិនទាន់ជាសះស្បើយពេញលេញនៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ លោក Navalny បានអះអាងថា លោកជឿជាក់ចំពោះបទពិសោធន៍មួយនេះ ដែលពិតជាបានផ្តល់អត្ថប្រយោជន៍ដល់លោកផងដែរ។
គួរជម្រាបថា បើតាមសារព័ត៌មាន CBS លោក Navalny ត្រូវបានអមដំណើរដោយមន្រ្តីសន្តិសុខជាច្រើននាក់ នៅក្នុងប្រទេសអាឡឺម៉ង់ និងបានស្ថិតនៅក្រោមការការពារពីរដ្ឋាភិបាលអាឡឺម៉ង់ ព្រោះលោកមានការព្រួយបារម្ភថា លោកអាចនឹងត្រូវបំពុលម្តងទៀត តែទោះជាយ៉ាងណាក៏ដោយ មេបក្សប្រឆាំងរូបនេះនៅតែមានគម្រោង វិលត្រឡប់ទៅកាន់ទីក្រុងម៉ូស្គូវិញ នាពេលឆាប់ៗនេះ៕