Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិការតស៊ូមតិជុំទី២ រវាងលោក ត្រាំ និងលោក បៃដិន នឹងប្តូរមកធ្វើតាមរយៈប្រព័ន្ធអនឡាញ ប៉ុន្តែលោកត្រាំ ប្រកាសថាលោកនឹងមិន«ខ្ជះខ្ជាយពេលវេលា» ចូលរួមវេទិការបែបនេះឡើយ

08-10-2020 19:50

(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការចម្រុះទទួលបន្ទុករៀបចំកិច្ចពិភាក្សាដេញដោលប្រធានាធិបតី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការជជែកដេញដោលជុំទី២ រវាងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុននេះ នឹងប្តូរមកធ្វើតាមរយៈប្រព័ន្ធអនឡាញ(ពីចម្ងាយ)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីភាពចាំបាច់ ក្នុងការ«ការពារសុខភាពនិងសុវត្ថិភាពរបស់អ្នកពាក់ព័ន្ធទាំងអស់» គណៈកម្មការចម្រុះទទួលបន្ទុករៀបចំកិច្ចពិភាក្សាដេញដោលប្រធានាធិបតី បានជូនដំណឹងថា វេទិការតស៊ូមតិរវាងបេក្ខជនប្រធានាធិបតីជុំទី២ នឹងធ្វើឡើងជាទម្រង់នៃការជួបជុំដាច់ដោយឡែកពីគ្នា ដែលក្នុងន័យនេះបេក្ខជនជជែកដេញដោលគ្នា ចេញពីកន្លែងពីរផ្សេងគ្នា តាមរយៈប្រព័ន្ធអនឡាញ។

ក្រោយទទួលបានដំណឹងខាងលើនេះ លោកប្រធានាធិបតីដូណាល់ ត្រាំ បានចេញមុខមកប្រកាសភ្លាមៗថា លោកនឹងមិនចូលរួមក្នុងវេទិការតស៊ូមតិជុំទី២ ជាមួយបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន ដែលនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញនោះទេ។ លោកត្រាំ បានប្រាប់ទូរទស្សន៍ Fox News យ៉ាងដូច្នេះថា«ខ្ញុំនឹងមិនចូលរួមការជជែកតស៊ូមតិ តាមប្រព័ន្ធអនឡាញនោះទេ។ ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំ ក្នុងការជជែកដេញដោលបែបនេះឡើយ។ នោះគឺមិនមែនជាការជជែកវែកញែកទេ»។
គួរជម្រាបថា វេទិការតស៊ូមតិលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលានេះ ក្នុងទីក្រុង Miami នៃរដ្ឋផ្ល័ររីដា៕