Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះ ARJ21 ដែលចិនផលិតដោយខ្លួនឯងសុទ្ធសាធ ទើបបង្កើនចំនួនជើងហោះហើរ (Video inside)

14-09-2020 15:09

(សៀងហៃ)៖ យន្តហោះដឹកអ្នកដំណើរធុនមធ្យមមានឈ្មោះសម្គាល់ថា ARJ21 ដែលជាផលិតផលក្នុងស្រុករបស់ចិនសុទ្ធសាធតែម្តងនោះ ទើបតែបង្កើនជើងហោះហើរថ្មីទៀត ក្រោមការចាត់ចែងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Southern Airlines។ នេះបើតាមសេចក្តីប្រកាសពីក្រុមហ៊ុនផលិតយន្តហោះចិន​ COMAC ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

សម្រាប់ជើងហោះហើរថ្មីខាងលើនេះ គឺជាការតភ្ជាប់រវាងទីក្រុងសៀងហៃ និងទីក្រុងជីយ៉ា (Jieyang) នៃខេត្តក្វាងទុងភាគខាងជើងប្រទេសចិន ហើយវាក៏ជាជើងហោះហើរខ្សែទី ៣ ផងដែរ​សម្រាប់យន្តហោះ ARJ21 ដែលត្រូវបានផលិតដោយក្រុមហ៊ុន COMAC។ ក្រុមហ៊ុន China Southern Airlines ទទួលបានយន្តហោះ ARJ21 ចំនួនមួយគ្រឿងដំបូងកាលពីចុងខែមិថុនា និងបានចាប់ផ្តើមធ្វើការហោះហើរដំបូងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះយន្តហោះ ARJ21 របស់ China Southern Airlines បានដឹកអ្នកដំណើរជាង ១០,០០០នាក់ហើយ។ China Southern Airlines នឹងទទួលបានយន្តហោះ ARJ21 ចំនួនពីរគ្រឿងទៀតនៅចុងឆ្នាំ២០២០នេះ ហើយខ្លួនរំពឹងថា នឹងបង្កើនឲ្យដល់ចំនួន ៣៥គ្រឿងនៅឆ្នាំ២០២៤។ ដោយឡែកក្រុមហ៊ុន COMAC ក៏កំពុងធ្វើតេស្តហោះហើរ យន្តហោះដឹកអ្នកដំណើរធុនបង្គួរ C919 ផងដែរ។

COMAC ARJ21 អាចផ្ទុកអ្នកដំណើរចន្លោះពី ៧៨-៩០នាក់ និងហោះបានចម្ងាយជាអតិបរមា ៣,៧០០គីឡូម៉ែត្រ។ ARJ21 ត្រូវបានបញ្ចេញគម្រោងអភិវឌ្ឍដំបូង កាលពីឆ្នាំ២០០២ និងលេចរូបរាងគំរូនៅឆ្នាំ២០០៧ ហើយរហូតដល់ឆ្នាំ២០០៨ ទើបវាត្រូវបានយកទៅធ្វើតេស្តហោះហើរជាលើកដំបូង។ សម្រាប់ផលិតផលសម្រេច ត្រូវបានបញ្ចេញជាផ្លូវការនៅឆ្នាំ២០១៨ ដោយយន្តហោះ ARJ21 មានតម្លៃក្នុងមួយគ្រឿង ៤០លានដុល្លារអាមេរិក៕