Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិបារាំង ចូលរួមពិធីសម្ពោធ យន្តហោះចម្បាំង Rafale នៅក្នុងមូលដ្ឋានទ័ពអាកាសឥណ្ឌា (Video inside)

10-09-2020 15:14

(ញូដេលី)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោកស្រី ហ្វ្លរិន ផាលី (Florence Parly) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅដល់រដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌាហើយ ដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការនូវយន្តហោះចម្បាំង រ៉ាហ្វាល់ (Rafale) ចំនួន ០៥គ្រឿងជាលើកដំបូង ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងកងទ័ពអាកាសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា នៅពេលមកដល់លោកស្រី Parly បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាចណាត ស៊ីង (Rajnath Singh) នៅមូលដ្ឋានទ័ពអាកាស ផាឡាម (Palam) ក្នុងនាមជាភ្ញៀវកិត្តិយស នៅក្នុងពិធីដាក់បញ្ជូលយន្តហោះចម្បាំង Rafale នៅមូលដ្ឋានទ័ពអាកាស អាំបាឡា (Ambala) នៅក្នុងរដ្ឋ ហារយ៉ាណា (Haryana)។

យន្ដហោះចម្បាំង Rafale ចំនួន ០៥គ្រឿងដំបូង បានទៅដល់មូលដ្ឋានទ័ពអាកាស Ambala តាំងតែពីខែកក្កដាមកម្ល៉េះ ក្រោមកិច្ចព្រមព្រៀងដែលប្រទេសឥណ្ឌា បានចុះហត្ថលេខាជាមួយបារាំងកាលពីឆ្នាំ ២០១៦ សម្រាប់ការកម្ម៉ង់ទិញយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ដែលមានតម្លៃសរុប ៩.៤លានដុល្លារអាមេរិក ហើយខ្លួននឹងទទួលបានទំនិញគ្រប់ចំនួន នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលកន្លងមកត្រូវគេមើលឃើញថា មានសមត្ថភាពចាញ់ប្រទេសជិតខាងបន្តិច ទៅលើសមត្ថភាពកងទ័ពអាកាស ពេលនេះអាចពើងទ្រូងឡើងវិញ ក្រោយទទួលបានយន្តហោះចម្បាំង ដ៏មានអានុភាពពីប្រទេសបារាំង។ បច្ចុប្បន្នជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដូចជាចិន និងប៉ាគីស្ថាន គឺជាការគំរាមកំហែងធំបំផុតសម្រាប់សន្តិសុខ និងមុខមាត់ឥណ្ឌាលើឆាកអន្តរជាតិ៕