Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ នៅតែជម្នះធ្វើទស្សនកិច្ចនៅទីក្រុង Kenosha ដែលកំពុងស្ថិតក្នុងភាពចលាចលដ៏ក្តៅគគុក (Photo inside) (Video inside)

02-09-2020 11:50

(ខេនណូហ្សា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំទាស់ការស្នើសុំ ដោយបានជម្នះធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ខេនណូហ្សា (Kenosha) នៃរដ្ឋវីសខុនសិន (Wisconsin) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ជាទីដែលបាតុកម្មតវ៉ាដ៏ធំមួយកំពុងធ្វើឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសស្បែកសបាញ់ប្រហារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា សម្រាប់ការមកបំពេញទស្សនកិច្ចរបស់ លោក ត្រាំ ពេលនេះគឺមិនមែនមកដើម្បីជម្រុញឲ្យមាន ការបញ្ចប់ជម្លោះរើសអើងពូជសាសន៍នោះទេ តែមកដើម្បីសម្ដែងការគាំទ្រ ដល់ការអនុវត្តច្បាប់របស់ប៉ូលីសនៅក្នុងទីក្រុង ដែលត្រូវបានឡោមព័ទ្ធដោយភាពចលាចល។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកដែលកំពុងមានភាពច្របូកច្របល់ លើបញ្ហាអយុត្តិធម៌ពូជសាសន៍ និងការប្រើប្រាស់កម្លាំងប៉ូលិសបង្ក្រាបក្រុមបាតុករ ខណៈលោក ត្រាំ កំពុងអំពាវនាវដល់សហគមន៍អ្នកគាំទ្រស្បែកសរបស់លោក ឲ្យផ្សាភ្ជាប់ជាមួយសារ «ការអនុវត្តច្បាប់ និងសណ្ដាប់ធ្នាប់» ខណៈការស្ទង់មតិថ្មីមួយបានបង្ហាញថា លោកកំពុងឈានមុខគេនៃគូប្រជែង គឺលោក ចូ បៃដិន (Joe Biden)។

បន្ថែមពីខាងលើនេះទៀត លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បានព្យាយាមគេចចេញពី ការដោះស្រាយបញ្ហារើសអើងពូជសាសន៍ ដែលបណ្តាលមកពីការប្រើប្រាស់កម្លាំងរបស់ប៉ូលិស។ លោក ត្រាំ ក៏មិនបានទៅសួរសុខទុក្ខបុរសស្បែកខ្មៅឈ្មោះ ហ្សាខូប ប្លេក (Jacob Blake) ដែលកំពុងរងរបួសធ្ងន់ធ្ងរបន្ទាប់ពីប៉ូលីសស្បែកស បានបាញ់ចំពីក្រោយខ្នងរបស់គាត់ចំនួនប្រាំពីរគ្រាប់ កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅនោះដែរ។ លោក ត្រាំ បែរជាបានសន្យាជំនួសវិញថា នឹងកសាងទីក្រុង Kenosha ឡើងវិញ ហើយថែមទាំងផ្តល់ការចំណាយសហព័ន្ធ បន្ថែមទៀតដល់រដ្ឋ Wisconsin ដែលជារដ្ឋស្ថិតក្នុងសមរភូមិនយោបាយ៕