ព្យុះទីហ្វុងម៉ៃសាក់វាយប្រហារ ខេត្តអូគីណាវ៉ារបស់ជប៉ុន, មនុស្ស៤នាក់រងរបួស និងជើងហោះហើររាប់រយត្រូវលុបចោល (Video inside)
01-09-2020 13:24
(តូក្យូ)៖ មនុស្សយ៉ាងហោច ០៤នាក់ បានរងរបួសនៅក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុង ម៉ៃសាក់ (Maysak) កំពុងវាយប្រហារលើខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
បើតាមទូរទស្សន៍ជប៉ុន NHK ព្យុះទីហ្វុង Maysak ក៏បានបង្ខំឱ្យជើងហោះហើរច្រើនជាង ២៤០ជើង ទាំងទៅនិងមកខេត្តអូគីណាវ៉ា ត្រូវលុបចោលផងដែរ ហើយផ្ទះយ៉ាងហោច ៣០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ជាបណ្ដោះអាសន្ន។ ព្យុះទីហ្វុង Maysak បច្ចុប្បន្នកំពុងធ្វើដំណើរទៅភាគពាយ័ព្យប្រទេស ជាមួយល្បឿនខ្យល់បក់ ៤៥ម៉ែត្រក្នុង១វិនាទី ហើយអាចឡើងដល់ ៦៥ម៉ែត្រក្នុង១វិនាទីផងដែរ។
ព្យុះមួយនេះត្រូវបានគេរំពឹងថា នឹងចុះថមថយកម្លាំងនៅថ្ងៃពុធស្អែកនេះ និងអាចបក់បោកទៅកាន់ប្រទេសកូរ៉េខាងត្បូងជាលើកទី ២។ អាជ្ញាធរជប៉ុន ក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះកម្លាំងខ្យល់បក់យ៉ាងសន្ធប់, គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតាមតំបន់ទំនាប និងជាប់ទន្លេ ឬសមុទ្រ៕