Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនច្រានចោលការចោទប្រកាន់របស់ឥណ្ឌាថា ខ្លួនបានចល័តយោធានៅព្រំដែនជម្លោះ ដែលផ្ទុយនឹងកិច្ចព្រមព្រៀង

31-08-2020 18:23

(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃចន្ទនេះ បានប្រកាសថា កងទ័ពរបស់ចិនមិនបានធ្វើសកម្មភាពអ្វីខុសឡើយ បន្ទាប់ពីយោធាឥណ្ឌាបានចោទថា កងទ័ពចិនបានបំពានការព្រមព្រៀងគ្នា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន រវាងប្រទេសទាំងពីរ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

នៅថ្ងៃចន្ទនេះខាងកងទ័ពឥណ្ឌា ទើបតែបានចេញសេចក្តីថ្លែងការណ៍អះអាងដូច្នេះថា «នៅយប់ថ្ងៃទី២៩ និងទី៣០ ខែសីហា ឆ្នាំ២០២០ កងទ័ពរំដោះប្រជាជនចិន (PLA) បានរំលោភកិច្ចព្រមព្រៀងគ្នា ដែលបានធ្វើឡើងនៅក្នុងជំនួបរវាងមន្ត្រីយោធា និងការទូតរវាងប្រទេសទាំងពីរ ដោយបានធ្វើការចល័តទ័ព នាំឲ្យស្ថានការណ៍បច្ចុប្បន្នត្រូវប្រែប្រួល»។

គួរជម្រាបថា កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ មានការផ្ទុះអាវុធដាក់គ្នាមួយប្រាវរវាងកងទ័ពចិន និងឥណ្ឌា នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ដែលជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ពរវាងចិន និងឥណ្ឌា។ ក្នុងហេតុការណ៍នោះ បណ្តាលឲ្យទាហានឥណ្ឌាស្លាប់យ៉ាងហោចណាស់ ២០នាក់ ខណៈភាគីចិនកាលណោះ ក៏បានអះអាងថា ខ្លួនមានទាហានស្លាប់ និងរបួសផងដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួននោះឡើយ។ ក្រោយហេតុការណ៍នោះកើតឡើង ទាំងខាងភាគីឥណ្ឌា និងចិនសុទ្ធតែបានប្តេជ្ញាដូចគ្នាថា នឹងពិនិត្យឡើងវិញអំពីការប្រយ័ត្នប្រយែង ដើម្បីកុំឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង៕