Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទុក្ខជាន់លើទុក្ខ! ក្រោយរួចជីវិតពីគ្រោះថ្នាក់យន្តហោះនៅឥណ្ឌា អ្នកដំណើរពីរនាក់ «ធ្វើតេស្តវិជ្ជមាន COVID-19» (Video inside)

08-08-2020 15:09

(ម៉ុមបៃ)៖ មនុស្សសរុប ២០នាក់ហើយបានបាត់បង់ជីវិត និងរាប់រយនាក់ទៀតរងរបួស ក្រោយកើតមានករណីយន្តហោះចុះខុសបច្ចេកទេស បណ្តាលឲ្យធ្លាក់ចេញពីផ្លូវ និងអូសខ្លួនដាច់ជាពីរកំណាត់ នៅរដ្ឋឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ហើយអ្វីដែលកាន់តែពិបាក ថែមមួយកម្រិតទៀតនោះ គឺអ្នកដំណើរ ០២នាក់ក្នុងចំណោមអ្នករងរបួសទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

បញ្ហាខាងលើនេះបានបង្ខំឲ្យបុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកដែលធ្លាប់បានប៉ះពាល់ ជាមួយសកម្មភាពសង្គ្រោះអ្នកដំណើរផ្ទុក COVID-19 ខាងលើនេះ ចូលខ្លួនទៅធ្វើតេស្តនៅមន្ទីរពេទ្យជាបន្ទាន់។ អ្នកដំណើរលើយន្តហោះ Air India Express ខាងលើនេះ បានធ្វើដំណើរត្រឡប់ពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម តាមរយៈជើងយន្តហោះជម្លៀសពិសេស និងត្រូវបានធ្វើតេស្តរក COVID-19 ម្តងរួចមកហើយ មុននឹងចាកចេញមកកាន់អាកាសយានដ្ឋាន កូហ្ស៊ីខូឌី (Kozhikode) នៃរដ្ឋ Kerala។

អ្នកដំណើរទាំងពីរនាក់ខាងលើនេះ គឺត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 នៅពេលពួកគេត្រូវបានបញ្ជូនពីកន្លែងកើតហេតុ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យរដ្ឋ Kerala។ យោងតាមវិធានការសុវត្ថិភាព អ្នកដែលធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ត្រូវតែទៅធ្វើតេស្តរកវីរុសកូរ៉ូណា ហើយទោះបីជាចេញលទ្ធផលអវិជ្ជមានក៏ដោយ ក៏ពួកគេត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀត។

គួរបញ្ជាក់តាមអាកាសចរណ៍ Air India Express ថា នៅលើយន្តហោះនោះមានមនុស្សពេញវ័យដល់វ័យចំណាស់ចំនួន ១៧៤នាក់, ទារក ១០នាក់, អាកាសយានិកពីរនាក់ និងអ្នកបម្រើការងារ (អូតេះ) ចំនួន ០៤នាក់ ហើយក្រោយជួបគ្រោះថ្នាក់ មនុស្ស ២០នាក់បានស្លាប់ ក្នុងនោះ ០២នាក់ជាក្រុមអាកាសយានិក។

យន្តហោះខាងលើនេះ មានជើងហោះហើរលេខ IX 1344 ជាប្រភេទ Boeing 737 ធ្វើដំណើរពីទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម សំដៅមកទីក្រុងកូហ្ស៊ូខូឌី (Kozhikode) ប៉ុន្តែពេលមកដល់អាកាសយានដ្ឋានទីក្រុងនេះ វាក៏បានចុះខុសផ្លូវព្រលាន និងអូសខ្លួនដាច់ជាពីរកំណាត់តែម្តង។ អាជ្ញាធរឥណ្ឌា កំពុងបន្តធ្វើការស៊ើបអង្កេតលើករណីនេះ៕