Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ីលោក មហាធៀ ត្រៀមបង្កើតគណបក្សនយោបាយថ្មីមួយ (Video inside)

07-08-2020 20:59

(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មហាធៀ មហាំម៉ាត់ នៅថ្ងៃសុក្រនេះ បានប្រកាសពីចេតនាចង់បង្កើតគណបក្សនយោបាយថ្មីមួយ បន្ទាប់ពីលោកត្រូវបានគេបណ្តេញចេញពីបក្ស ដែលរូបលោកធ្លាប់បានបង្កើតឡើងដោយផ្ទាល់ដៃ ដើម្បីទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

ក្នុងសន្និសីទមួយថ្ងៃសុក្រនេះ លោក មហាធៀ បានប្រកាសថា លោកនឹងចុះបញ្ជីគណបក្សនយោបាយថ្មីមួយ ដែលនឹងមិនចូលបក្សសម្ព័ន្ធជាមួយក្រុមណាមួយនោះទេ គឺមិនថារដ្ឋាភិបាលចម្រុះ Perikatan Nasional (PN) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីម៉ាឡេស៉ីបច្ចុប្បន្ន លោក Muhyiddin Yassin ឬក៏ក្រុមប្រឆាំង Pakatan Harapan (PH) ដែលបានបាត់បង់អំណាច ក្រោយការលាលែងពីតំណែងជានាយករដ្ឋមន្រ្តីដោយលោក មហាធៀ កាលពីខែកុម្ភៈ ឡើយ។

គួរជម្រាបថា លោក មហាធៀ ដែលបច្ចុប្បន្នមានវ័យ៩៥ឆ្នាំ បានបង្កើតគណបក្សនយោបាយ Bersatu កាលពីឆ្នាំ២០១៦ ដោយមានលោក Muhyiddin ជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្សផងដែរ មុនពេលឈ្នះបានអំណាចក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ជាមួយសមាសភាពគណបក្សដទៃទៀតនៃសម្ព័ន្ធ PH។

ក្រោយការលាលែងពីតំណែងរបស់លោក មហាធៀ កាលពីថ្ងៃកុម្ភៈ លោក Muhyiddin ក៏បានចាប់ដៃជាមួយក្រុមគណបក្សប្រឆាំងនាពេលនោះ បង្កើតរដ្ឋាភិបាលចម្រុះ PN ហើយកាលពីខែឧសភាលោក មហាធៀ និងបុគ្គលមួយចំនួនទៀត ត្រូវបានបណ្តេញចេញពីគណបក្ស Bersuta ក្រោមហេតុផលថា ដោយសារពួកគេទៅអង្គុយនៅខាងក្រុម PH ដែលបានក្លាយទៅជាក្រុមប្រឆាំង កំឡុងកិច្ចប្រជុំសភា ខណៈពួកគេត្រូវអង្គុយនៅខាងក្រុម PN ដែលដឹកនាំដោយលោក Muhyiddin៕