ចិនសង្ឃឹមថា អាមេរិកអាចបង្ហាញភាពបត់បែនសម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ
28-07-2020 17:22
(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានលើកឡើងថា ខ្លួនសង្ឃឹមថាសហរដ្ឋអាមេរិក អាចបង្ហាញភាពបត់បែនក្នុងការដោះស្រាយ ស្ថានភាពជាប់គាំងនៅឯឧបទ្វីបកូរ៉េ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានអះអាងថា សង្រ្គាមនឹងមិនអាចផ្ទុះឡើងបាន នោះឡើយ ដោយសារតែប្រទេសលោកមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ដើម្បីធានាការពារនូវសន្តិសុខក៏ដូចជាសុវត្ថិភាព ព្រមទាំងអនាគត របស់ខ្លួន បើទោះបីជាមានសម្ពាធពីខាងក្រៅ និងការគំរាមកំហែងផ្នែកយោធាពីប្រទេសដទៃក៏ដោយ។
គួរជម្រាបថា លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបគ្នាជាលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០១៨ ហើយភាគីទាំងពីរបានបង្កើនលទ្ធភាពនៃការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែសម្រាប់កិច្ចប្រជុំលើកទី២ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ កិច្ចចរចារវាងភាគីទាំងត្រូវបានជាប់គាំង ដោយសារតែការមិនយល់ស្របគ្នាអំពីរបៀប និងកាលបរិចេ្ឆទ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ហើយវាបាននៅជាប់ទ្រឹងចាប់តាំងពីពេលនោះ រហូតមកទល់បច្ចុប្បន្ន៕