ខ្មាន់កាំភ្លើងម្នាក់ បាញ់រះលើហ្វូងបាតុករ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ នៅរដ្ឋ Kentucky, សហរដ្ឋអាមេរិក (Video inside)
28-06-2020 12:18
(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេតលើករណីបាញ់ប្រហារមួយ លើហ្វូងបាតុករតវ៉ាដោយសន្តិវិធី នៅឯឧទ្យាន Jefferson Square Park ក្នុងទីក្រុង Louisville នៃរដ្ឋ Kentucky ដោយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។
ហេតុការណ៍បាញ់ប្រហារខាងលើ ត្រូវបានរាយការណ៍នៅម៉ោង៩យប់ ថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ហើយបើតាមវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញបុរសជាខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់រះលើហ្វូងបាតុករជាច្រើនគ្រាប់។ ប៉ុន្តែ មកទលនឹងពេលនេះ ប៉ូលិសមិនទាន់បញ្ចេញព័ត៌មានលម្អិតបន្ថែម នោះទេ ខណៈឧទ្យាន Jefferson Square Park បានក្លាយជាចំណុចចាប់ផ្ដើមបាតុកម្មតវ៉ា បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅ George Floyd និងស្ត្រីម្នាក់ទៀតឈ្មោះ Breonna Taylor នៅក្រោមដៃប៉ូលិសអាមេរិក។
ស្ត្រី Breonna Taylor មានអាយុ២៦ឆ្នាំ និងជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ បានស្លាប់កំឡុង ប៉ូលិសធ្វើប្រតិបត្តិការចុះឆែកឆេរផ្ទះរបស់ស្រ្តីរូបនេះ នៅក្នុងទីក្រុង Louisville កាលពីខែមីនា កន្លងទៅ។ ក្រុមបាតុករ បានទាមទារឱ្យប៉ូលិសដែលជាប់ពាក់ព័ន្ធនឹងការស្លាប់នេះត្រូវបានចោទប្រកាន់ ក្រោយមន្ត្រីប៉ូលិសម្នាក់ ទើបតែ ត្រូវបានបណ្ដេញចេញពីតំណែងនាពេលថ្មីៗនេះ៕