Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកត្រាំ ចោទលោក អូបាម៉ា ថា «ក្បត់ជាតិ» និងសមតែទទួលទោសប្រហារជីវិត! (Video inside)

23-06-2020 14:45

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថា «ក្បត់ជាតិ» ដែលគួរតែត្រូវផ្តន្ទាទោសប្រហារជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

អស់រយៈពេលជាច្រើនខែមកហើយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាសាធារណៈ ទៅលើអតីតប្រធានាធិបតី អូបាម៉ា ថាបានប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែលោកបានបដិសេធម្តងហើយម្តងទៀត ក្នុងការបញ្ជាក់ឲ្យច្បាស់ថា តើឧក្រិដ្ឋកម្មនោះជាអ្វីឲ្យប្រាកដ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CBN News ដែលបានចាក់ផ្សាយនៅថ្ងៃចន្ទសប្តាហ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រធានាធិបតីរូបនេះបានអះអាងដោយគ្មានភស្តុតាងថា លោក បារ៉ាក់ អូបាម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្ម «ក្បត់ជាតិ» ចំពោះការធ្វើចារកម្មលើយុទ្ធនាការបោះឆ្នោតរបស់លោក។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតដែលបានសួរបញ្ជាក់ថា តើលោក អូបាម៉ា បានប្រព្រឹត្តបទឧក្រិដ្ឋអ្វីឲ្យប្រាកដ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាជាទង្វើក្បត់ជាតិ។ ឃើញទេ! ពួកគេបានធ្វើចារកម្មមកលើយុទ្ធនាការរបស់ខ្ញុំ ជាយូណាស់មកហើយ...»។ មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានគំរាមថា «ចាំមើលៗ តើនឹងមានអ្វីកើតឡើងចំពោះពួកគេ»

គួរបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញអាមេរិក ទោសក្បត់ជាតិត្រូវបានកំណត់ន័យជារួមមួយថា «ជាទង្វើក្បត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬជាការធ្វើសង្គ្រាមប្រឆាំងនឹងអាមេរិក ដែលជាការឈរនៅខាងសត្រូវ និងការផ្តល់ជំនួយទៅសត្រូវ»។ ទោសនេះគឺជាបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសប្រហារជីវិត៕