Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន ជិតក្លាយជាតំណាងតែមួយគត់នៃបក្សប្រជាធិបតេយ្យ ដើម្បីឡើងទៅតទល់ជាមួយលោក ដូណាល់ ត្រាំ ហើយ! (Video inside)

03-06-2020 16:24

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សប្រជាធិបតេយ្យលោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីក្នុងរដ្ឋបាលលោក អូបាម៉ា កំពុងតែបោះពួយឆ្ពោះទៅរកការជាប់ជាតំណាង ឲ្យគណបក្សប្រជាធិបតេយ្យអាមេរិកជាផ្លូវការហើយ ដើម្បីទៅប្រកួតប្រជែងយក តំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ការបោះឆ្នោតបឋមរើសបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ត្រូវបានធ្វើឡើងនៅរដ្ឋចំនួន ០៧រួមមាន ឥណ្ឌាណា (Indiana), រ៉ូដអាយលែនដ៍ (Rhode Island), ភែនស៊ីលវេនៀ (Pennsylvania), ម៉ារីលែនដ៍ (Maryland), ម៉ុនតាណា (Montana), ញូម៉ិចស៊ីកូ (New Mexico) និង សោតស៍ដាកូតា (South Dakota) ព្រមទាំងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយលទ្ធផលបង្ហាញថា លោក Biden បានទទួលជ័យជម្នះទាំងអស់ ដ្បិតបេក្ខជនដទៃទៀតសុទ្ធតែបានដកខ្លួន ហើយប្រកាសគាំទ្ររូបលោក។

គួរជម្រាបថា សំឡេងប្រតិភូដែលលោក Biden ទទួលបានគឺកាន់តែខិតជិត១,៩៩១ប្រតិភូហើយ ខណៈវាជាចំនួនប្រតិភូចាំបាច់ ដើម្បីអាចឲ្យលោកឡើងជាបេក្ខជនតំណាងឲ្យបក្សប្រជាធិបតេយ្យ ទៅប្រកួតយកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតធំនៅខែវិច្ឆិកា ខាងមុខនេះ៕