Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ អនុញ្ញាតឲ្យប្រើយោធាបង្ក្រាប ក្នុងករណីភាពចលាចលនៅរដ្ឋ Minnesota គ្រប់គ្រងលែងបាន (Video inside)

29-05-2020 16:27

(មីនីសូតា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធានាដល់អភិបាលរដ្ឋមីនណេសូតា (Minnesota) លោក ធីម វ៉លស៍ (Tim Walz) ថា យោធាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងបង្រ្កាបភាពចលាចល ដែលកំពុងកើតមាននៅទីក្រុង មីននាផូលីស (Minneapolis) ប្រសិនបើអាជ្ញាធរមូលដ្ឋាន មិនអាចគ្រប់គ្រងស្ថានការណ៍បាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បារក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd) ដែលបានស្លាប់កំឡុងពេលប៉ូលិសចាប់ខ្លួនដោយការសង្កត់ក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ។

នៅចំពោះមុខការផ្ទុះឡើងនូវការខឹងសម្បារ ពីសំណាក់ពលរដ្ឋអាមេរិកស្បែកខ្មៅបែបនេះ អភិបាលរដ្ឋមីណេសូតា (Minnesota) លោក Tim Walz កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបើកប្រតិបត្តិការឆ្មាំការពារជាតិ ក្នុងគោលបំណងជួយរក្សា និងការពារស្ថេរភាពរបស់រដ្ឋនេះ។ ជុំវិញបញ្ហាខាងលើនេះដែរ លោកឧត្តមសេនីយ៍ ចន ចេសិន (Jon Jensen) ដែលជាមេបញ្ជាការនៃកងកម្លាំង ឆ្មាំការពាររដ្ឋ Minnesota បាននិយាយថា កងកម្លាំងឆ្មាំការពារជាតិបានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អភិបាលរដ្ឋ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសស្បែកស លើពលរដ្ឋអាមេរិកស្បែកខ្មៅខាងលើ បានផ្ទុះឡើងដូចគ្នានៅតាមទីក្រុងជាច្រើនទៀត នៃសហរដ្ឋអាមេរិក ដូចជាទីក្រុង ឡូសអាន់ជែលែស (Los Angeles), មែមភីស (Memphis) ឌែនវើ (Denver) និងជាពិសេសនៅទីក្រុង Minneapoli នៃរដ្ឋ Minnesota៕