Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហុងកុងព្រមានទៅអាមេរិក៖ «ការដកឋានៈពិសេសរបស់ហុងកុង នឹងក្លាយជាអាវុធមុខពីរ ដែលអាចបំផ្លាញ​ប្រយោជន៍អាមេរិកដូចគ្នា» (Video inside)

29-05-2020 10:47

(ហុងកុង)៖ រដ្ឋបាលទីក្រុងហុងកុងបានព្រមាន ទៅកាន់សហរដ្ឋអាមេរិកវិញថា ការដកឋានៈពិសេសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល (global financial hub) ចេញពីទីក្រុងសេដ្ឋកិច្ចលំដាប់កំពូល ប្រចាំទ្វីបអាស៊ីមួយនេះ ប្រាកដណាស់ថានឹងក្លាយជា «អាវុធមុខពីរ» ហេតុដូច្នេះហុងកុងអំពាវនាវឲ្យ សហរដ្ឋអាមេរិក បញ្ឈប់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

ការព្រមានពីរដ្ឋបាលទីក្រុងហុងកុង ដែលជាតំបន់ស្វយ័តពិសេសរបស់ចិនខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញជំហរ ក៏ដូចជាចំណាត់ការរបស់អាមេរិក ឆ្លើយតបចំពោះតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏ដូចជាប្រទេសចិនទាំងមូល។

រដ្ឋបាលហុងកុងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យ៉ាងដូច្នេះថា «ទណ្ឌកម្មណាក៏ដោយ គឺនឹងក្លាយជាអាវុធមុខពីរ ព្រោះវាមិនមែនបំផ្លាញតែផលប្រយោជន៍ហុងកុងប៉ុណ្ណោះទេ តែផលប្រយោជន៍អាមេរិកក៏រងផលប៉ះពាល់ដូចគ្នា»។ ហុងកុងក៏បានរំលឹកផងដែរថា នៅអំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ អតិរេកពាណិជ្ជកម្មអាមេរិកជាមួយហុងកុង គឺធំជាងគេក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ហុងកុង បើគិតជាទំហំពាណិជ្ជកម្មសរុបគឺ ២៩៧ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនអាមេរិកចំនួន ១,៣០០មានមូលដ្ឋាននៅក្នុងទីក្រុងនេះ។

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនកំពុងត្រៀម អនុម័តលើទីក្រុង ហុងកុង មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឲ្យប្រាកដនោះឡើយ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាមេរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹតត្បិតសេរីភាពទីក្រុងនេះ និងធ្វើឲ្យទីក្រុងនេះ លែងមានសិទ្ធិស្វ័យភាពតទៅទៀត។ ទោះជាបែបនេះក្តី លោកស្រីអភិបាលក្រុងហុងកុង ខារី ឡាំ បានបញ្ជាក់ថា គ្រប់គ្នាគួររង់ចាំអានសេចក្តីលម្អិត នៅក្នុងច្បាប់នោះសិន មុននឹងបញ្ចេញប្រតិកម្ម ហើយលោកស្រីបានធានាទៀត ច្បាប់នោះនឹងមិនបង្កផលប៉ះពាល់ដល់សិទ្ធិ និងសេរីភាពនៃទីក្រុងនេះឡើយ៕