Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកសភាបក្សប្រជាធិបតេយ្យ «ថ្កោលទោសរដ្ឋបាលលោក ត្រាំ» ដែលដកអាមេរិកពីសន្ធិសញ្ញាបើកចំហជើងមេឃ (Video inside)

23-05-2020 16:45

(វ៉ាស៊ីនតោន)៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានថ្កោលទោសរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាបើកចំហមេឃ ឬ Open Skies Treaty ដោយចាត់ទុកថា វាជាទង្វើខុសច្បាប់ និងទាមទារការពន្យល់។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការពារជាតិ លោក ម៉ាក អុីស្ពើរ (Mark Esper) ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក អេលីយ៉ូត អ៊ែងហ្គែល (Eliot Engel) និងលោក អាដាម ស្មីត (Adam Smith) ជាប្រធានគណៈកម្មាធិការសេវាអាវុធ នៃសភាតំណាងរាស្ត្របានសង្កត់ធ្ងន់ថា ការដកខ្លួនចេញពីសន្ធិសញ្ញា Open Skies Treaty ដោយមិនមានការប្រឹក្សាយោបល់ ជាមួយសភាជាតិគឺជាទង្វើរំលោភលើផ្នែក ១២៣៤ នៃច្បាប់ស្ដីពីវិស័យការពារជាតិឆ្នាំសារពើពន្ធ២០២០។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដកសហរដ្ឋអាមេរិកពីសន្ធិសញ្ញាមួយផ្សេងទៀតជាមួយរុស្ស៉ី ព្រមទាំងប្រទេសជាង ៣០។ សន្ធិសញ្ញា Open Skies ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២។ វាអនុញ្ញាតឲ្យយោធាប្រទេសមួយ បញ្ជូនយន្តហោះអង្កេតការណ៍​ទៅធ្វើប្រតិបត្តិការលើផ្ទៃអាកាសប្រទេសមួយទៀតជារៀងរាល់ឆ្នាំ ដោយអាចអង្កេតមើលដែនដីនៅខាងក្រោមប្រមូលទិន្នន័យ ផ្តិតយករូបភាពផ្សេងៗនៃមូលដ្ឋាន និងសកម្មភាពយោធារបស់ប្រទេសមួយនោះ។ គោលគំនិតនៃសន្ធិសញ្ញានេះ គឺប្រទេសដែលជាគូប្រជែង​អាចដឹងពីកម្លាំងយោធាគ្នាច្រើនប៉ុណ្ណានោះ ឱកាសនៃការផ្ទុះជម្លោះឡើងក៏កាន់តែទាបដែរ៕