Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉េកាំង បញ្ជូនក្រុមអ្នកជំនាញ ឱ្យទៅស៊ើបអង្កេតរកមូលហេតុស្លាប់របស់ អគ្គរដ្ឋទូតចិន ប្រចាំអុីស្រាអែល (Video inside)

18-05-2020 17:26

(អុីស្រាអែល)៖ រដ្ឋាភិបាលចិន នឹងបញ្ជូនអ្នកស៊ើបអង្កេតពិសេសមួយក្រុម ទៅកាន់ប្រទេសអុីស្រាអែល ដើម្បីដឹកនាំការស៊ើបអង្កេតផ្ទៃក្នុងមួយ ជុំវិញការស្លាប់ របស់លោកអគ្គរដ្ឋទូត Du Wei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអុីស្រាអែល Haaretz នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។

សារព័ត៌មាន Haaretz ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា អ្នកស៊ើបអង្កេតពិសេសមួយក្រុមខាងលើ នឹងត្រូវអមដំណើរដោយសមាជិក គ្រួសារម្នាក់របស់លោក Wei មកកាន់ប្រទេសអុីស្រាអែល នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ពួកគេនឹងដឹកនាំការស៊ើបអង្កេតផ្ទៃក្នុង ស្វែងរកមូលហេតុពិតប្រាកដនៃ ការស្លាប់របស់អគ្គរដ្ឋទូតចិនរូបនេះ ក៏ដូចជារៀបចំជើងហោះហើរដឹកសពត្រឡប់ទៅប្រទេសចិនវិញ។

អគ្គរដ្ឋទូតចិនប្រចាំប្រទេសអុីស្រាអែល លោក Du Wei ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោក នៅឯទីក្រុង Herzliya ស្ថិតនៅជាយទីក្រុង តែល អាវីវ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ ហើយបើតាមសេចក្ដីរាយការណ៍បឋម លោក Wei អាចស្លាប់ដោយសារគាំងបេះដូង។

លោក Du Wei មានអាយុ៥៨ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសអុីស្រាអែល ដើម្បីកាន់តំណែងជាអគ្គរដ្ឋទូត កាលពីខែកុម្ភៈកន្លងទៅ។ លោកក៏ធ្លាប់កាន់តំណែង ជាអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ុយក្រែន ផងដែរ៕