Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ទាត់ចោលការព្រួយបារម្ភថា វីរុសកូរ៉ូណារាតត្បាតក្នុងសេតវិមាន ប៉ុន្តែបុគ្គលិកទាំងអស់តម្រូវឲ្យពាក់ម៉ាស (Video inside)

12-05-2020 09:35

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាត់ចោលការព្រួយបារម្ភ ជុំវិញការឆ្លងរាតត្បាត COVID-19 នៅក្នុងសេតវិមាន ប៉ុន្តែទន្ទឹមគ្នាលោកអះអាងថា អាចនឹងដាក់កំហិតលើទំនាក់ទំនង ជាមួយលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) ខណៈបុគ្គលិកសេតវិមានទាំងអស់ ត្រូវបង្គាប់ឲ្យពាក់ម៉ាស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មាននៅសួនកូលាប (Rose Garden) នាទីធ្លាសេតវិមានក្នុងថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថា លោក Mike Pence កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការចត្តាឡីស័ក (ស្ថិតនៅដាច់ដោយឡែកពីគេ) បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ (Katie Miller) បានឆ្លងជំងឺ COVID-19។

លោកស្រី Katie Miller ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីសប្ដាហ៍មុន រួមមួយជំនួយការផ្ទាល់ខ្លួនម្នាក់របស់លោក ត្រាំ ហើយរំលងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សមាជិកជាន់ខ្ពស់នៃអង្គភាពពិសេសប្រឆាំង COVID-19 នៃសេតវិមាន គឺលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci), លោក រ៉ូប៊ឺត រ៉េដហ្វៀល (Robert Redfield) និងលោក ស្ទេហ្វិន ហាន (Stephen Hahn) ក៏ត្រូវបានគេរាយការណ៍ថា កំពុងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេផងដែរ ក្រោយប៉ះពាល់អ្នកឆ្លង COVID-19 ។

តែទោះជាបែបនេះក្ដី លោក ដូណាល់ ត្រាំ បានបដិសេធចំពោះការព្រួយបារម្ភទាំងឡាយ ជុំវិញការឆ្លងរាតត្បាត COVID-19 នៅក្នុងសេតវិមាន។ លោក ត្រាំ បញ្ជាក់យ៉ាងដូច្នេះថា «អ្នកទាំងឡាយ ដែលធ្វើដំណើរកាន់ការិយាល័យប្រធានាធិបតី ត្រូវទទួលការធ្វើតេស្ដជាមុន... ដូច្នេះខ្ញុំមើលមិនឃើញពីហានិភ័យ ណាមួយនោះទេ»

ប៉ុន្តែស្របពេលជាមួយគ្នា លោក ត្រាំ បានឱ្យដឹងថា លោកនឹងដាក់កំហិតទំនាក់ទំនងជាមួយ លោកអនុប្រធានាធិបតី Mike Pence។ លោក ត្រាំ បានបញ្ជាក់ថា «យើងអាចនិយាយគ្នាបានតាមទូរស័ព្ទ។ គាត់ត្រូវបានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែគាត់ធ្លាប់មានទំនាក់ទំនង ជាមួយមនុស្សជាច្រើន»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ៩៖០០នាទីព្រឹក ថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ១,៣៨៥,៨៣៤ករណី ក្នុងនោះស្លាប់ ៨១,៧៩៥នាក់ និងជាសះស្បើយឡើងវិញ ២៦២,២២៥នាក់៕