Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលថៃ នឹងបិទអាកាសយានដ្ឋានភូកេត រយៈពេល២០ថ្ងៃ ដោយសារ COVID-19 រាតត្បាត (Video inside)

31-03-2020 23:53

(បាងកក)៖ អាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ នឹងត្រូវបិទចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមេសាខាងមុខ បន្ទាប់ពីខេត្តភូកេត បានបិទច្រកចេញចូលផ្លូវគោក និងផ្លូវសមុទ្រ នៅពេលដែលវីរ៉ុស COVID-19 បានរាតត្បាត, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សានាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

អភិបាលខេត្តភូកេត លោក Phakaphong Tavipatana ប្រាប់ឲ្យដឹងនាថ្ងៃនេះថា លោកបានចេញបញ្ជាឲ្យបិទអាកាសយានដ្ឋាន ខណៈចំនួនករណីឆ្លង វីរ៉ុស COVID-19 នៅខេត្តមួយនេះ កើនឡើងដល់៦២ករណី នៅថ្ងៃចន្ទ ជាមួយនឹងករណីភាគច្រើន បានរកឃើញ នៅកន្លែងកម្សាន្ត ជិតឆ្នេសមុទ្រ Patong ដែលជាធម្មតាជាទីតាំងភ្ញៀវបរទេសទៅកម្សាន្ត។

អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) លោក Chula Sukmanop ក៏បានអះអាងនៅថ្ងៃអង្គារនេះដែរថា អាកាសយានដ្ឋានភូកេត នឹងបិទចាប់ពីពាក់កណ្តាលយប់ថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសាខាងមុខ។ លោកបន្ថែមថា អភិបាលខេត្តមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចេញបញ្ជាបិទ ដើម្បីការពារការរីករាលដាលនៃវីរ៉ុស ស្ថិតក្រោមរដ្ឋកំពុងស្ថិតក្នុងភាពអាសន្ន ហើយមិនចាំបាច់មានការយល់ព្រម ពី CAAT នោះទេ។

លោកបន្តថា ការបិទអាកាសយានដ្ឋាននេះ នឹងដាក់ឲ្យខេត្តមួយនេះ ស្ថិតក្នុងការបិទយ៉ាងពេញលេញ ប៉ុន្តែសម្រាប់យានយន្តដឹកជញ្ជូនអាហារ និងសម្ភារៈសំខាន់ៗ ត្រូវបានអនុញ្ញាតឲ្យចេញចូល៕