Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៦ឆ្នាំ ក្រោយបាត់ខ្លួនដ៏អាថ៌កំបាំង! សាច់ញាតិជនរងគ្រោះ នៅតែទទូចឱ្យមានការស្វែងរកយន្ដហោះ MH370 ឡើងវិញ

08-03-2020 14:47

(ឌូបៃ)៖ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទាំង២៣៩នាក់ ជិះនៅលើយន្ដហោះ MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីជាង៦ឆ្នាំមុន បានអំពាវនាវជាថ្មីឱ្យ អាជ្ញាធរពាក់ព័ន្ធ ចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការស្វែងរក យន្ដហោះរបស់អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញមួយនេះ ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។

ដៃកាន់ផ្ទាំងបដា មានពាក្យស្លោកមានន័យ៖ «កុំបោះបង់ចោល, ទន្ទឹមរង់ចាំ និងចាប់ផ្ដើមការស្វែងរកឡើងវិញ» ក្រុមគ្រួសារសាច់ញ្ញាតិជនរងគ្រោះ ធ្វើការអំពាវនាវ ខាងលើ នាឱកាសខួប៦ឆ្នាំ នៃការបាត់ខ្លួនយន្ដហោះ MH370 នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ។ ថ្លែងនាឱកាសនោះ មេធាវីតំណាងឱ្យជនរងគ្រោះម្នាក់ គឺលោកស្រី Grace Nathan បានគូសបញ្ជាក់ដូច្នេះថា៖ «ការឈឺចាប់នៅតែកើតមានឡើងដដែល, ការពិតនៅពីក្រោយការបាត់ខ្លួនក៏មិនត្រូវលាតត្រដាង ហើយដែលពួកយើង មិនបានដឹងថាមានអ្វីកើតឡើងលើយន្ដហោះ ក៏នៅតែដដែល...ពោលគឺមានសំនួរច្រើងជាងចម្លើយ នារយៈពេល៦ឆ្នាំមកនេះ»

គួររំលឹកថា យន្ដហោះ MH370 បានបាត់ចេញពីប្រព័ ន្ធរ៉ាដា ក្នុងដំណើរផ្លូវហោះហើរចេញពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ បំណែកយន្ដហោះមួយចំនួន ត្រូវបានគេរកឃើញ ប៉ុន្តែយន្ដហោះទាំងមូល មិនត្រូវបានគេរកឃើញឡើយ មកទល់នឹងសព្វថ្ងៃ ហើយមូលហេតុនៃ ការបាត់ខ្លួន ក៏មិនទាន់មានការបញ្ជាក់ឱ្យច្បាស់លាស់នោះដែរ បើទោះជាមានការសន្និដ្ឋានពីមូលហេតុជាច្រើនក៏ដោយ។

កាលពីឆ្នាំ២០១៧ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ប្រតិបត្តិការតាមស្វែងរកយន្ដហោះ MH370 ដែលចំណាយអស់ប្រាក់ជាង១៣២.៩០លានដុល្លារ បន្ទាប់ពី ការស្វែងរករបស់ពួកគេគ្មានលទ្ធផល។ តមកទៀត នៅឆ្នាំ២០១៨ ម៉ាឡេស៊ី បានផ្ដល់សិទ្ធិរុករកជាថ្មីឱ្យក្រុមហ៊ុនអាមេរិកមួយ តែចំណាយពេលអស់១៣៨ថ្ងៃ នៅតែមិនមានលទ្ធផល ហើយកាលពីខែកុម្ភៈកន្លងទៅ ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី អះអាងថាខ្លួនមិនទាន់ទទួលបានភស្តុតាង គួរឱ្យទុកចិត្តណាមួយដើម្បីចាប់ផ្ដើម ប្រតិបត្តិការស្វែងយន្ដហោះនេះឡើងវិញនោះទេ៕