News Update: មនុស្ស៤នាក់ស្លាប់ ក្រោយសណ្ឋាគារដាក់អ្នកសង្ស័យឆ្លងជំងឺ COVID-19 បាក់ស្រុត នៅប្រទេសចិន
08-03-2020 11:17
(ប៉េកាំង)៖ អាជ្ញាធរចិន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្ស៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍ដួលរលំសណ្ឋាគារមួយកន្លែង នៅទីក្រុង Quanzhou នៃខេត្ត Fujian ភាគខាងកើតប្រទេស ដែលត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែលសង្ស័យថាអាចមានជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរចិននៅក្នុងតំបន់ មនុស្សចំនួន៤៩នាក់ ត្រូវបានជួយសង្រ្គោះ។ ហេតុការណ៍ខាងលើ បានកើតឡើងនាម៉ោងប្រមាណជា០៧៖៣០នាទីយប់ថ្ងៃសៅរ៍ (ពេលវេលាក្នុងតំបន់កើតហេតុ) ក្នុងសង្កាត់ Licheng នៃទីក្រុង Quanzhou ដោយធ្វើឱ្យមនុស្សប្រហែលជា៧០នាក់ ជាប់នៅក្រោមការគំនរអគារនោះ។
គួរជម្រាបថា កិច្ចប្រឹងប្រែងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ។ ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានមួយចំនួន អគារសណ្ឋាគារ Xinjia hotel កម្ពស់៥ជាន់ និងមានបន្ទប់ចំនួន៨០នេះ ត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែល សង្ស័យថាអាចមានជំងឺ COVID-19៕